ភ្នំពេញ : សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជី នៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្ដីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធ នានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
នៅវិមានសន្តិភាព ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្ដីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធី ពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក។
លោកកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញទស្សនកិច្ច របស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិកមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អ ប្រសើររវាងកម្ពុជា-អាមេរិក។ លោកកិត្តិទេសាភិបាលបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន សហរដ្ឋអាមេរិក ដែលកន្លងមកនេះបានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជាតាមរយៈ ការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស ការបណ្ដុះបណ្តាលធនធានមនុស្ស ការបោសសម្អាតមីន និងការ ផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP ការផ្តល់ វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ការផ្ដល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក អាឡិច ខានស៍ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកកិត្តិទេសាភិបាលបណ្ឌិត ដែល ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យ ប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។ លោកបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជាដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយ អភិវឌ្ឍន៍សង្គម ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។
ជាការឆ្លើយតប លោកកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាបើកទ្វារចំហ និងទទួល ស្វាគមន៍ជានិច្ចនូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង កម្ពុជា-អាមេរិក។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្ន និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសម្លឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតមួយ មុខ។ ជាមួយគ្នានេះ លោកកិត្តិទេសាភិបាលបណ្ឌិត បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផល ប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស បញ្ហាសិទ្ធិមនុស្ស សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាទីបញ្ចប់ លោកកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ លោក អាឡិច ខានស៍ និង គណៈប្រតិភូមន្ត្រី ព្រឹទ្ធសភាអាមេរិក ទទួលបានជោគជ័យផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និងជូនពរដល់ការធ្វើមាតុភូមិនិវត្តន៍ ទៅកាន់សហរដ្ឋអាមេរិកវិញប្រកបដោយសុវត្ថិភាព៕
ដោយ : សិលា