ភ្នំពេញ : លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍លើកឡើងពី គោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។
១.យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ, ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។
២.ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការៀបផ្សារភ្ជាប់គោរមងារ«សម្តេច» ទៅនឹងតំណែងកំពូលខ្ពង់ខ្ពស់ ជាការមួយសមរម្យ ដ្បិតវាស្របទៅនឹងប្រពៃណីបរមបុរាណរបស់យើង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនសុទ្ធតែភ្ជាប់ទៅនឹងមុខតំណែងសំខាន់ៗ ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយមរាជ»។ល។ ក្នុងន័យនេះ ការតភ្ជាប់គោរមងារ«សម្តេច»ទៅនឹងមុខតំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬ នាយករដ្ឋមន្ត្រី គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។
៣.ឆ្លៀតឱកាសដ៏ល្អប្រសើរវិសេសវិសាលនេះ ខ្ញុំសូមអបអរសាទរ «សម្តេចមហាបវរធិបតី» ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា, សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងបេសក កម្មបម្រើជាតិ, ប្រជាជន, និង មាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងការអនុវត្តនូវពាក្យសច្ចា (កាលពីថ្ងៃ០៧សីហា២០២៣)របស់សម្តេចដែលកាលណោះបានទូលថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្លង្ក និងរបបរាជានិយមឱ្យនៅគង់វង្សយូរលង់តរៀងទៅ នៅកម្ពុជា៕
ដោយ : សិលា