ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន ខណៈដែលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន១០នាក់ ជាម្ចាស់លុយថា ស្ត្រីខាងលើនេះបានជំពាក់សរុប៦១លានរៀលរួចមកក៏ធ្វើការឃាត់ខ្លួនតែម្តងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលបាននិយាយអោយដឹងថា ស្ត្រីដែលឃាត់ខ្លួននោះមានឈ្មោះ មាស សុម៉ាលី អាយុ៥០ឆ្នាំ មុខរបរលក់គ្រឿងសំអាង រស់នៅក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមាន ស្រុកកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
នគរបាលនិយាយថា លុយដែលស្ត្រីជំពាក់គេនោះសរុប៦១លានរៀល ដែលរកស៊ីចងការលុយ ហើយមិនបានសងគេទេ បើទោះបីគេទៅទារលុយក៏ដោយ ។
នគរបាលបាននិយាយអោយដឹងថា ជនរងគ្រោះជាម្ចាស់លុយមានរហូតដល់ទៅ១០នាក់ឯណ្ណោះ ដែលជាអ្នករកស៊ីនៅក្នុងផ្សារត្រែងត្រយឹងទាំងមូល ហើយស្ត្រីជាជនជាប់ចោទបានជមពាក់គេចាប់ពី ១លានរៀលរហូតដល់ទៅជាង១៣លានរៀលក៏មាន ។
ស្ត្រីជាប់ចោទបាននិយាយប្រាប់ក្រុមអ្នកការសែតអោយដឹងថា គាត់ពិតជាបានជំពាក់លុយគេពិតប្រាកដមែន ដោយរកស៊ីចងការលុយហើយគេបោកបន្ត ទើបគាត់ជំពាក់លុយគេបែបនេះ ហើយគាត់បានសន្យាថា សងទៅជនរងគ្រោះដែរ ដោយអ្នកជំពាក់តិចសងក្នុង១ថ្ងៃ១ម៉ឺនរៀល ហើយអ្នកជំពាក់ច្រើន១ថ្ងៃ៥ម៉ឺន ប៉ន្តែពួកគេមិនព្រម ក៏ប្តឹងគាត់អោយនគរបាលឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នស្ត្រីជាប់ចោទខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សេនា សក្តិ