ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៦ លោកលី លឹមម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿង ឃាតកម្មគិតទុកជាមុនដែលមានជនជាប់ចោទឈ្មោះ សោម គឹមស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ និងបក្សពួកចំនួនពីរនាក់ទៀតកំពុងរត់គេចខ្លួន ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត បទបញ្ញត្តិមានចែងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចដីវាលគំនរសំរាមស្ថិតតាមផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥ កន្លងទៅ ។
សាលក្រមក៏បានប្រកាសផ្តន្ទាទោសលើ ជនជាប់ចោទឈ្មោះ សេង ផារ៉ាដា ហៅ ម៉ាប់ នឹងឈ្មោះ សួន សារ៉ាយ ហៅ បូរ ដែលកំពុងរត់គេចខ្លួន តុលាការ សម្រេចដាក់ពន្ធនាគារអស់មួយជីវិតដូចគ្នា នឹងបានចេញដីការបង្គាប់ឲ្យកងកម្លាំងសាធារណៈតាមចាប់ខ្លួនជនជាប់ចោទទាំងពីរនាក់មកអនុវត្តន៍ទោសតាមអំណាចនៃសាលក្រមនេះ ។
សាលក្រមបានបង្គាប់ជនជាប់ចោទទាំង៣នាក់ រួមគ្នាសងសំណងទៅក្រុមគ្រួសារជនរងគ្រោះឈ្មោះស្រ៊ុន សុភក្រ័ ហៅ លាង ទឹកប្រាក់ចំនួន៩០លានរៀល ។ នាពេលសវនាការ ជនជាប់ចោទឈ្មោះ សោម គឹមស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរចាងហ្វាងកាសែតសុវណ្ណនគរ បានឆ្លើយបដិសេធនចម្លើយទាំងអស់នៅដំណាក់កាលសមត្ថកិច្ច កងរាជអាវុធហត្តចាប់ខ្លួន ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានចូលរួមសម្លាប់ជនរងគ្រោះឈ្មោះស្រ៊ុន សុភក្រ្ត័ នោះទេ ។
ជនជាប់ចោទ សោម គឹមស៊ាន បានបន្តថា ខ្លួនបានស្គាល់ ឈ្មោះម៉ាប់ នឹង ឈ្មោះបូរ ហើយឈ្មោះម៉ាប់បានទូរស័ព្ទមកខ្លួនសួរថាចង់បញ្ចាំរថយន្តតែពេលយកទៅដល់កន្លែងបញ្ចាំនៅកាសុីណូក្នុងរាជធានីភ្នំពេញ មិនមានអ្នកទទួលដោយសារតែរថយន្តមិនមានឯកសារគ្រប់គ្រាន់ ។ បន្ទាប់មកខ្លួននិងបក្សពួក ក៏បន្តយករថយន្តទៅបញ្ចាំកាសុីជ្រៃធំ ជាប់ព្រំដែនវៀតណាម ខេត្តកណ្តាល ត្រូវបានគេទទួល យក និងបញ្ចាំបានប្រាក់ចំនួន៥០០០ដុល្លារ ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ គេបានប្រទះឃើញសាកសពមួយត្រូវបានគេសម្លាប់ច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅមាត់ប្រឡាយទឹក ស្ថិតនៅក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខយ៉ាងអាថ៌កំបាំង។ លុះមកដល់ថ្ងៃទី២៦ ខែឧសភា កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម គឹមស៊ាន ។
ក្នុងដំណាក់កាលសមត្ថកិច្ចឈ្មោះ សោម គឹមស៊ាន បានប្រាប់សមត្ថកិច្ចថា ពួកគេបានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភក្រ័ ហៅលាង អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន កាក់វៃហួរ និងជាអ្នករត់ឯកសារឲ្យរោងចក្រកាត់ដេរ ដោយពួកគេនិងជនរងគ្រោះគឺជា អ្នកស្គាល់គ្នា ហើយឈ្មោះម៉ាប់ជាមិត្តភ័ក្តិជិតដិតបំផុតជាមួយជនរងគ្រោះ ទើបនៅថ្ងៃទី ២២ឧសភា២០១៥ ឈ្មោះម៉ាប់បានលួងលោមជនរងគ្រោះទៅផឹកស៊ីចូលច្រៀងខារ៉ាអូខេចេរ(J) នៅម្តុំបឹងត្របែក ។
សោម គឹមស៊ាន បន្តថា ឱកាសនោះពេលជនរងគ្រោះចូលបន្ទប់ទឹក ឈ្មោះម៉ាប់ បានដាក់ថ្នាំ ងងុយដេកចូលក្នុងកែវស្រាជនរងគ្រោះ ហើយបន្តផឹករហូតដល់ជនរងគ្រោះស្រវឹងទន់ខ្លួនខ្លាំង ទើបពួកគេទាំង៤នាក់ឈប់ផឹក រួចនាំគ្នាឡើងរថយន្តជនរងគ្រោះ ហើយបើករថយន្តចេញទៅ រហូតដល់កន្លែងស្ងាត់ ពួកគេនាំគ្នាធ្វើសកម្មភាព ដោយរូបគេ បានយកខ្សែលីឡុងខ្មៅរឹតកជនរងគ្រោះ ហើយឈ្មោះបូ ជាអ្នកចាំជួយ។ ក្រោយពេលសម្លាប់ហើយ ពួកគេបានយកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅចំណុចខាងលើ៕
ដោយ៖ សហការី