ភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ ២០១០ ។ បន្ទាប់ពីបានសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះ បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ១៥.០០០ ហិកតា ស្ថិតក្នុងស្រុកទឹកឈូ ឈូក និងក្រុងកំពត ។ ក្រៅពីការផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់ ដែលតែងតែយាយីក្រុងកំពតផងដែរ ។
នៅក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រី បានណែនាំឱ្យអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីពង្រីកសមត្ថភាពស្តុកទឹក និងស្រោចស្រព នៃប្រព័ន្ធធារាសាស្ត្រស្ទឹងកែវនេះ ឱ្យបានដល់ដីស្រែរបស់បងប្អូនប្រជាកសិករ នៅប៉ែកខាងក្រោមបន្ថែមទៀតផងដែរ ៕
ដោយ៖ សហការារី