ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៩ខែកក្កដានេះមានតារាសម្តែង និងផលិតករ ប្រមាណ៨រូបបានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅទីក្រុងហុងដើម្បី ដើម្បីថតបញ្ចប់ ខ្សែភាពយន្តបែបកំប្លែងរឿង”ខ្មោចប្រពន្ធស្តេចល្បែង”។ ការចេញទៅផ្តិតយកទស្សនីយភាពនៅបរទេសនេះត្រូវបានអ្នកផលិតប្រចាំផលិតកម្មH2Oលើកឡើងថានឹងធ្វើឲ្យខ្សែភាពយន្តថ្មីនេះកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត ។
តារាសម្តែង លោក ប៉ែន ចំរ៉ុងបញ្ជាក់ថា សាច់រឿង”ខ្មោចប្រពន្ធស្តេចល្បែង” មានលក្ខណៈប្លែងជាងរឿងមុនៗដែលលោកធ្លាប់សម្តែងបើទោះបីជាមានឈុតឆាកកំប្លែងច្រើនក្តីប៉ុន្តែលោកត្រូវសម្តែងជាតួអង្គស្តេចល្បែងកៅជុនដែលមានចរិកម៉ឺងម៉ាត់កំប្លែង និងកំសត់ត្រូវរត់ពីទីក្រុងហុងកុងមករស់នៅស្រុកខ្មែរ។ តារាសម្តែងដែលកាន់តំណែងតួឯកប្រមាណ៨រឿងសម្រាប់ដើមឆ្នាំនេះបានបញ្ជាក់ថា នេះគឺជាលើកទី១ដែលោកចេញទៅថតខ្សែភាពយន្តនៅបរទេស ដែលកាន់តែធ្វើឲ្យខ្សែភាពយន្តនេះកាន់តែទាក់ទាញ ។
លោក មករា ខូលដែលត្រូវសម្តែងជាតួអង្គ ចូវ ស៊ីខូលបានបញ្ជាក់ថា នេះគឺជាខ្សែភាពយន្តដំបូងដែលលោកចូលរួមសម្តែងខណៈដែលកន្លងទៅលោកគឺជាអ្នកដឹកនាំការផលិតខ្សែភាពយន្តឬបទចម្រៀងខារ៉ាអូខេ។ លោកថា អ្នកនិពន្ធបានលើកឡើងថា ទម្រង់មុនលោកកាចនិងសាកសមច្រើនជាមួយនឹងការសម្តែងជាតួអង្គខាងលើ ។ ទោះជាយ៉ាងណាលោកនឹងខិតខំសម្តែងអស់ពីសមត្ថភាពដើម្បីឲ្យខ្សែភាពយន្តនេះកា្លយជាខ្សែភាពយន្តដ៏ទាក់ទាញសម្រាប់ទស្សនិកជន ។
ចាងហ្វាងផលិតកម្មH2O លោក យិន សុខហេង ដែលបានដឹកនាំសិល្បករនិងតារាសម្តែងចេញទៅទីក្រុងហុងកុងនោះបានបញ្ជាក់ថា ក្រោយពីការផលិតយ៉ាងសម្រិតសម្រាំងនៅក្នុងស្រុកអស់រយៈពេលជាង២ខែរូចមកផលិតកម្មលោកបានបញ្ចប់ប្លង់ថត បានប្រមាណ៨០ភាគរយ ហើយនៅសល់ប្រមាណ២០ភាគរយផ្សេងទៀតនឹងត្រូវបញ្ចប់នៅទីក្រុងហុងកុង ។
អ្នកដឹកនាំខ្សែភាពយន្តរូបនេះបានបញ្ជាក់ដែរថា ការសម្រេចចិត្តជ្រើសរើសទីក្រុងហុងមកថតខ្សែភាពយន្តនេះព្រោះតែសាច់រឿងមានពាក់ព័ន្ធទៅនឹងទីតាំងខ្លះនៅទីក្រុងហុងកុងហើយទីក្រុងនេះក៏ជាទីក្រុងដ៏ទាក់ទាញមួយផងដែរ។
លោកថាមានទីតាំង និងតំបន់ទេសចរណ៍ជាច្រើនដែលនឹងត្រូវចេញថតនៅពេលនេះហើយក្រុមការងារលោកនឹងត្រូវចំណាយពេលប្រមាណ៤ថ្ងៃដើម្បីបញ្ចប់ការផលិតនៅបរទេសនេះផងដែរ។ លោកថា ”ខ្មោចប្រពន្ធស្តេចល្បែង” មានចំណុចទាក់ទាញជាច្រើនទាំងសាច់រឿងបែបកំប្លែង កម្សត់ ភ័យរន្ធត់ ការវាយតប់ប្លែក និងការផ្តិតយករូបភាពពីបរទេសមកបង្ហាញឲ្យអ្នកទស្សនាប្លែងភ្នែក ។
លោកថា រឿងនេះនឹងបញ្ចប់ការកាត់តនៅក្នុងអំឡុងខែកញ្ញា ហើយនឹងចាប់ផ្តើមចាក់បញ្ចាំងក្នុងអំឡុងចុងខែកញ្ញា ឬដើមខែតុលាជាមួយក្តីរំពឹងខ្ពស់ថានឹងទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា ៕ វឌ្ឍនា