ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ បានរងរបួសធ្ងន់និងអ្នករួមដំណើរជាមួយរងរបួសស្រាល ខណះដែលរូបគេបានបេីករថយន្តក្នុងសភាពស្រវឹងស្រាបើករថយន្តលឿនដូចហោះ ទៅបុកដើមម៉ៃសាក់វិលខ្ញាល់មួយជុំក្រឡាប់ប៉ះជើងទ្រមេឃកៀបអ្នកបើកជាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា តាមបណ្តោយផ្លូវ៥៩៩កែងនឹងផ្លូវ៣១៥ មុខភោជនីយដ្ឋានសួគ៍ា សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកRAV4 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-8190 ជិះគ្នា២នាក់ជាជនជាតិកូរ៉េ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនមកបេីកមកដល់ចំណុចផ្លូវបែកជាបួនដោយក្នុងល្បឿនលឿនពេកធ្វេីឲ្យអ្នកបេីករថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកដើមម៉ៃសាក់ពេញទំហឹង បណ្ដាលឲ្យ រថយន្តវិលខ្ញាល់មួយជុំក្រឡាប់ប៉ះជើងឡេីងលេីធ្វេីឲ្យអ្នកបើកបរបែកក្បាលសន្លប់ស្តូកស្តឹងតែម្តង រីឯអ្នករួមដំណើរជាមួយរបួសស្រាល ។
ក្នុងហេតុការណ៍នោះដែរគេឃេីញមានជនឆ្លៀតឪកាសបានចូលទៅជួយវាយកញ្ចក់រថយន្តចាប់ទាញអូសយកជន រងគ្រោះចេញពីក្នុងរថយន្តហើយលួចទូរស័ព្ទអាយហ្វូនមួយគ្រឿងរបស់ជនជាតិកូរ៉េរួចហើយគេចខ្លួន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជនផងដែរ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ស ដារ៉ា