កាលពីថ្ងៃទី០១ ខែកក្កដា ឥណ្ឌាបានសម្រេចដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំង២គ្រឿងផលិតដោយបច្ចេកវិទ្យាឥណ្ឌាផ្ទាល់ ។ សកម្មភាពខាងលើកម្លាំងទាហ៊ានឥណ្ឌាកាន់តែរឹងមាំសម្រាប់ទប់ទល់និងសត្រូវជិតខាងគ្នាគឺប្រទេសប៉ាគិស្ថាននិងចិន។
យន្តហោះខាងលើមានឈ្មោះថា Tejas គឺជាស្នាដៃផលិតរបស់ឥណ្ឌាទាំងស្រុង ដែលបានចំណាយពេលស្រាវជ្រាវ និងផលិតអស់ជិត៣០ឆ្នាំ។ យន្តហោះនេះ គឺត្រូវបានគេចាត់ទុកជាយន្តហោះចម្បាំង ប្រភេទស្រាលបំផុត ហើយដែលអាចផ្ទុកគ្រាប់មីស៊ីល ទាំងសម្រាប់បាញ់ទៅលើអាកាស និងសម្រាប់បាញ់តម្រង់ទៅដី។ តាមការគ្រោងទុក ឥណ្ឌាមានគម្រោងផលិតយន្តហោះ តេជ នេះឲ្យបាន១៤គ្រឿង ក្នុងរយៈពេល២ឆ្នាំទៀត។ យន្តហោះចម្បាំងថ្មីៗទាំងនេះ នឹងត្រូវយកទៅជំនួសយន្តហោះចម្បាំងប្រភេទ Mig-21 ដែលសល់ តាំងតែពីជំនាន់សូវៀត ហើយដែលតែងតែជួបបញ្ហាបច្ចេកទេសធ្លាក់ជាញឹកញាប់។
នៅក្នុងកិច្ចសន្យាទិញយន្តហោះចម្បាំងប្រភេទ Rafale របស់បារាំងនៅមិនទាន់ចុះហត្ថលេខាជាស្ថាពរនៅឡើយទេ ដោយសារភាគីទាំងពីរនៅមិនទាន់ចុះសម្រុងគ្នាលើតំលៃ។ ឥណ្ឌាបានទៀមទារទៀតថា ក្រុមហ៊ុនបារាំងត្រូវតែលើកការផលិតយកទៅធ្វើនៅក្នុងប្រទេសឥណ្ឌា ដើម្បីមានឱកាសបង្កើតការងារនៅក្នុងស្រុក៕
ប្រែសម្រួល៖ សាធី