លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មី ក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថា៖ ក្រសួងព័ត៌មានត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីកុំឱ្យបង្ករភាពរញ៉េរញ៉ៃ គឺសំដៅលើការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុតផ្សេងៗ ការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន។ នេះបេីយោង​តាមការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ AKP នាព្រឹកថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០២៣។

ចំពោះ​ការលើកឡើងរបស់លោករដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅបង្កើនប្រសិទ្ធភាពការងារលើការ ដឹកនាំ និងសម្របសម្រួលមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ​ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។​

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា អ្នកសារព័ត៌មានដែលគ្មានសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺជាអ្នកបំផ្លាញដល់ដំណើរការងាររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសជាតិ។ លោករដ្ឋមន្រ្ដី​ បញ្ជាក់ថា ការរៀបចំឱ្យលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលតាមបណ្តាមន្ទីរព័ត៌មាន ខេត្ត រាជធានី គឺដើម្បីជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងមន្ទីរ និងក្រសួង ឱ្យនៅខិតជិតគ្នា ធ្វើកិច្ចការរួមគ្នានូវរាល់គោលនយោបាយ និងផែនការសកម្មភាពផ្សេងៗត្រូវអនុវត្តន៍។

លោករដ្ឋមន្រ្ដី​ បានថ្លែងបញ្ជាក់ទៀតថា កន្លងមកនេះ មន្ទីរព័ត៌មាន ហាក់បីដូចជាធ្វើការងារដាច់ឆ្ងាយតែឯង តែចាប់ពីពេលនេះទៅ មន្ទីរព័ត៌មាន គឺមានភាពកក់ក្តៅ មានថ្នាក់ដឹកនាំពីក្រសួងព័ត៌មានទៅជួយកិច្ចការងារ ព្រោះមន្ទីរព័តមាន មានតូនាទីសំខាន់ក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយសារខេត្តនីមួយៗជាកោសិកានៃប្រទេស បើកោសិកានេះមិនល្អ នឹងធ្វើឱ្យទម្រង់នៃការគ្រប់គ្រងព័ត៌មានជារួម មានភាពខ្វះចន្លោះ។ ដូច្នេះ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទទួលបន្ទុកវិស័យព័ត៌មាននៅក្នុងខេត្ត និងទទួលបន្ទុក មន្ទីរព័ត៌មានខេត្តតែម្តង ហើយក៏ជាសេនាធិការរបស់រដ្ឋមន្រ្តី លើវិស័យព័ត៌មានតាមខេត្ត។

...

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី​ ក៏បាន​បញ្ជាក់បន្ថែមថា សម្រាប់លោក លោកស្រី​ ដែលទទួលបន្ទុក នឹងក្លាយទៅជាគ្រូបង្គោល មើលខុសត្រូវលើការងារព័ត៌មាន ជួយសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មានខេត្ត ដើម្បីធ្វើឱ្យការគ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្ត បានដំណើរការទៅដោយរហូត ហើយអ្វីដែលសំខាន់គឺមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីខេត្ត។ បន្ថែមពីនេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលទទួលបន្ទុកមន្ទីរព័ត៌មាន គឺមិនមែនជាអ្នកប្រតិបត្តិការឱ្យមន្ទីរនោះទេ គ្រាន់តែជាជន្ទល់ក្នុងការពង្រឹងតូនាទីរបស់មន្ទីរព័ត៌មាន៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print