ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពយកដំបងវាយប្រហារទៅលើស្ត្រីជាប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងសុំលុយយកទៅទិញស្រាផឹកមិនបានដូចបំណង ។ ទង្វើបែបនេះធ្វើឲ្យស្ត្រីជាប្រពន្ធអត់ទ្រាំមិនបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឈ្មោះ គង់ គា ហៅ ឡាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះឈ្មោះ លឹង លី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួសមុតលើបាតដៃឆ្វេង០១កន្លែង និង ហើមជាំភ្លៅឆ្វេង០១កន្លែង ។ ជនសង្ស័យនិងជនរងគ្រោះរស់នៅក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនសង្ស័យនៅតែមិនអស់ចិត្តស្ទុះទាញយកដំបងឬស្សីវាយត្រូវចំភ្លៅស្ត្រីរងគ្រោះ២ទៅ៣ដំបង ទើបឈប់ធ្វើសកម្មភាព ។ ក្រោយពីមានហេតុការណ៍កើតឡើស្ត្រីជាប្រពន្ធបានសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ