ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវក្មេងទំនើងមានគ្នា២នាក់ស្ទាក់វាយប្រដាប់ដោយខ្សែក្រវ៉ាត់បណ្តាលអោយរងរបួសដៃឆ្វេង ដោយមិនដឹងមូលហេតុបន្ទាប់ពី ជនរងគ្រោះទៅយកម្ហូប នៅបន្ទប់បងស្រី ត្រូវបានជនដៃដល់គ្នា២នាក់វាយ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ មុខបន្ទប់ជួល របស់បងស្រី ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ធី សុផល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ មុខរោងចក្របឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបោសក្រឡាត ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកបងស្រី ជាម្ចាស់បន្ទប់ មានឈ្មោះ ធី ផល្លា អាយុ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។
តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបាន ទៅបន្ទប់បងស្រីរបស់ខ្លួន ដើម្បីយកម្ហូបបានហើយ ដើរចេញមកវិញឈររងចាំ ហៅមូ៉តូឌុប ភ្លាមនោះស្រាប់តែ ជនដៃដល់មានគ្នា២នាក់ ដែលគេស្គាល់ថាជាកូនមេភូមិអង្គកែង មកដល់ចោទប្រកាន់ថា អ្ហែងមកហ្នឹង រងចាំវាយក្មេងៗ ថាហើយទាញ ខ្សែក្រវ៉ាត់ វាយសំពង រហូតដល់អ្នកក្បែរខាងចេញមកឃាត់ ហើយជនរងគ្រោះរត់ចេញ ។ ជនរងគ្រោះបន្តទៀតថា ខ្លួនមិនដែលស្គាល់ជនដៃដល់ ឬមានទំនាស់ ជាមួយ អ្នកភូមិ ចំណុចនោះឡើយ មួយថ្ងៃៗរវល់តែបំពេញការងារ លុះនៅថ្ងៃកើតហេតុ ទៅយកម្ហូបនៅបន្ទប់បងស្រីរបស់ខ្លួនសោះ ជនដៃដល់មកពុំមានសួរនាំ ហេតុនិងផលអ្វីឡើយ បែជាចោទប្រកាន់ ថាខ្លួនបងតូចបងធំ ដើរបង្កទំនាស់ទៅវិញ ។
ក្រោយពីចេញផុតពីកន្លែងកើតហេតុខាងលើ ជនរងគ្រោះ ២នាក់បងស្រីនាំគ្នា មកដាក់ពាក្យបណ្តឹង នៅបុ៉ស្តិចោមចៅ តែដោយសារ អ្នកបង្កជាមន្រ្តីយោធា ត្រូវបាន លោក ថេង កុសល នាយបុ៉ស្តិ៍ចោមចៅ ស្នើសុំឲ្យជនរងគ្រោះ ទៅដាក់ពាក្យប្តឹងនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌវិញ៕
ដោយៈ សុខាសែនជ័យ