ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់អណ្តែតទឹស្រះក្នុងហ្គេ្រនភ្នំពេញបង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្រះទឹកហ្គ្រេនភ្នំពេញ ក្រុម១ភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សពត្រូវបានគេស្គាល់មានឈ្មោះ កែវ សុគន្ធា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសន្តិសុខម្នាក់ដែលបម្រើការងារនៅទីនោះបានឲ្យដឹងថា នៅពេលរូបគាត់កំពុងបំពេញការងារ(យាម)ស្រាប់តែប្រទះឃើញសាកសពនារីខាងលើអណ្តែតទឹកក្បែរច្រាំងខាងកើតស្រះដែលពាក់អាវយឺត ពណ៌ក្រហម ស្លៀកខោជើងវែង ពណ៌ខ្មៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យតែម្តង។
ប្រភពពីបុរសម្នាក់ឈ្មោះ កែវ វណ្ណី អាយុ៦១ឆ្នាំត្រូវជាឪពុក ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ម៉ោងប្រហែលជា៨ព្រឹក កូនរបស់គាត់(សព)បានប្រាប់ថាខ្ញុំទៅទិញបាយហូបហើយក៏បាត់រហូត។ គាត់ក៏បានទៅប៉ុស្តិ៍ប៉ូលីសឲ្យជួយរកនិងខលទៅវិទ្យុABC ឲ្យជួយផ្សព្វផ្សាយផងក្រែងមានបងប្អូនណាបានឃើញ។ លុះដល់ថ្ងៃទី១១ម៉ោងប្រហែល៨ និង៣០នាទីព្រឹក គាត់បានទទួលព័ត៌មានថាមានគេប្រទះឃើញសាកសពអណ្តែតទឹកនៅចំខាងលើក៏ប្រញ៉ាប់មកមើលទើបដឹងថាសពនារីនោះគឺជាកូនស្រីរបស់គាត់។ បុរសជាឪពុកបានបន្តទៀតថាកូនស្រីគាត់សតិមិនសូវគ្រាប់ទេ(មានជំងឺតសៃប្រសាទ)។
ក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានសហការណ៍ជាមួយនិងសមត្ថកិច្ចជំនាញយកសាកសពខាងលើទៅពិនិត្យនៅវត្តពោធិ៍ចិនតុង។ បន្ទាប់ពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពនារីខាងលើស្លាប់ដោយសារលង់ទឹកប្រាកដមែនមិនមានជាករណីឃាតកម្មអ្វីទេ។ សមត្ថកិច្ចក៏ប្រគល់សពឲ្យទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ តុង សីហា