អាមេរិកចាត់ទុកកម្លាំងទាហ៊ានចិនត្រឹមតែលេខ២ប៉ុណ្ណោះក្នុងតំបន់អាស៊ី

ចែករំលែក៖

ការខិតខំប្រឹងប្រែងពង្រឹងវិស័យយោធាជាច្រើនទស្សវតកន្លងមករបស់ចិនបានត្រឹមតែតំណែងលេខ២ប៉ុណ្ណោះក្នុងតំបន់។ កន្លងមកចិនបានបញ្ជាក់អះអាងថា កម្លាំងទាហ៊ានរបស់ខ្លួនជាប់លេខ១ នៅក្នុងទ្វីបអាស៊ី ចំណែកភាគីអាមេរិកបានអះអាងថា តំណែងលេខ១ គឺបានទៅលើទាហ៊ានជប៉ុន មិនមែនជារបស់ចិននោះឡើយ ។ អ្នកឯកទេសពីកម្លាំងយោធាដ៏ល្បីល្បាញមួយរូបបានបញ្ជាក់ថា មិនត្រូវវាយតម្លៃទាបពីកម្លាំងទាហ៊ានជប៉ុននោះឡើយ ។

...

អំពីតួលេខទាហ៊ានជប៉ុនមានតិចជាងទាហ៊ានចិនយ៉ាងច្រើនគឺស្មើ ១ភាគ១០នឹងទាហ៊ានចិនឯណោះ ចំណែកយន្ដហោះចម្បាំងជប៉ុនក៏មានតិចជាងដល់ទៅ ១ភាគ៥ដែរ។ ប៉ុន្ដែអំពីលទ្ធភាព និងសមត្ថភាពក៏ដូចជាបច្ចេកវិជ្ជានៅក្នុងសម័យកាលទំនើបកម្ម ជប៉ុនបាននាំមុខយ៉ាងឆ្ងាយលើប្រទេសចិន ។ ប្រសិនបើមានការប៉ះទង្គិចគ្នានៅលើដែនសមុទ្រជុំវិញប្រជុំកោះដែលមានវិវាទកម្លាំងទាហ៊ានជើងទឹកជប៉ុនទោះមានតិចតែមានប្រៀបជាងទាហ៊ានចិនដោយអាចយកឈ្នះបានយ៉ាងងាយស្រួល ។

ចំណុចមួយទៀតដែលធ្វើឲ្យទាហ៊ានជប៉ុនកាន់តែមានជំនឿចិត្ដនោះប្រសិនបើមានការប៉ះទង្គិចណាមួយអាមេរិកប្រាកដជាឈរគាំទ្រភាគីជប៉ុនតាមកិច្ចព្រមព្រៀង។ ប៉ុន្មានឆ្នាំកន្លងមកនេះចិនបានខិតខំពង្រឹងកម្លាំងសព្វាវុធក៏ដូចជាយោធាដើម្បីសក្ដិសមទៅជាប្រទេសមហាអំណាចនៅក្នុងតំបន់ ។ ចំណែកអាមេរិកបានបញ្ជាក់ថា ចិនមិនទាន់មានសព្វាវុធទំនើបៗដែលអាចតាមទាន់អាមេរិកនោះឡើយគឺចិនតែងតែដើរក្រោយអាមេរិកជានិច្ចទាក់ទិននឹងកម្លាំងយោធា ។

សារព័ត៌មាន Breaking Defence បានដកស្រង់សម្ដីអ្នកឯកទេសវិភាគ Larry M. Wortzel បញ្ជាក់ថា កម្លាំងការពារជប៉ុនបច្ចុប្បន្នមានកម្លាំងទាហ៊ានអាកាស និងកម្លាំងទាហ៊ានជើងទឹកខ្លាំងលំដាប់លេខ១ នៅទ្វីបអាស៊ី ។ ចំណែកចិនត្រឹមតែលំដាប់លេខ២ប៉ុណ្ណោះ។

កម្លាំងទាហ៊ានអាកាសជប៉ុនមានយន្ដហោះទំនើបៗលំដាប់ពិភពលោករាប់រយគ្រឿង ។ បច្ចុប្បន្នជប៉ុនមានយន្ដហោះចម្បាំងវាយលុកប្រភេទ F-15J ត្រូវបានគេឲ្យតម្លៃថា ជាយន្ដហោះវាយលុកជំនាន់ទី៤កន្លះល្អបំផុតលើពិភពលោក ។ ក្រៅពីនេះជប៉ុនក៏មានយន្ដហោះចម្បាំងពីអាមេរិកជាច្រើនក្នុងនោះមានទាំងយន្ដហោះចម្បាំង F-15 ថែមទៀតផង ។

ប៉ុន្ដែបើអំពីតួលេខវិញ ចិនមានច្រើនជាងជប៉ុនដល់ទៅ១០ដងបើសង្គ្រាមកើតឡើងក៏ពិបាកសន្និដ្ឋានថា ភាគីណាមួយឈ្នះ ឬចាញ់នោះដែរ ។ ប៉ុន្ដែជប៉ុនមានអាមេរិក ដែលមានទាហ៊ាននិងសព្វាវុធទំនើបៗជាច្រើនឈរជើងក្នុងប្រទេសជប៉ុនជាកម្លាំងដ៏សំខាន់ជួយពីក្រោយក្នុងការយកឈ្នះលើសង្គ្រាមនោះ ។

នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត សភាជប៉ុនបានយល់ព្រមទៅលើយុទ្ធសាស្ដ្រការពារជាតិថ្មីមួយនិងបង្កើនប្រាក់ចំណាយទៅលើវិស័យនេះដែលជាសកម្មភាពមួយត្រូវគេឃើញយ៉ាងទូលំទូលាយថា សំដៅទៅលើប្រទេសចិន ។

ក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះ ជប៉ុននឹងចំណាយប្រាក់ដើម្បីពង្រឹងលើឥទ្ធិពលយោធាបន្ថែមទៀត ក្នុងនោះមានការទិញយន្ដហោះគ្មានមនុស្សបើកបរ ទិញយន្ដហោះចម្បាំងបំបាំងកាយ និងរថក្រោះដែលអាចបើកក្នុងទឹកបានផងដែរ។ កម្លាំងយោធានឹងបង្កើតបន្ទាយកងទ័ពជើងទឹកថ្មីមួយ ហើយកងកម្លាំងរថក្រោះបើកក្រោមទឹកនោះមានសមត្ថភាពវាយដណ្ដើមគ្រប់គ្រងដែនកោះពីសត្រូវត្រឡប់មកវិញ ។

គម្រោងការរបស់ជប៉ុននាពេលនេះកើតឡើងក៏ដោយសារតែការអះអាងជាបន្ដបន្ទាប់របស់ចិននៅក្នុងការគ្រប់គ្រងដែនអធិបតេយ្យរបស់ជប៉ុន ព្រមទាំងសកម្មភាពបង្កើនប្រាក់ចំណាយទៅលើវិស័យការពារជាតិរបស់ចិន ។

សេចក្ដីព្រាងស្ដីអំពីសន្ដិសុខជាតិជប៉ុនបានលើកឡើងថា «គោលជំហររបស់ប្រទេសចិនទៅលើបណ្ដាប្រទេសដទៃនិងការអភិវឌ្ឍវិស័យយោធាទាំងពីរនេះវាខ្វះតម្លាភាពគ្នាតាមវិស័យយោធានិងនយោបាយសន្ដិសុខជាតិ ដូច្នេះហើយជាក្ដីកង្វល់ចំពោះជប៉ុនក៏ដូចជាសហគមន៍អន្ដរជាតិដែលតម្រូវឲ្យយើងតាមដាននិងពិនិត្យមើលឲ្យបានម៉ត់ចត់» ។

រដ្ឋាភិបាលជប៉ុនបានកាត់បន្ថយចំណាយទៅលើវិស័យការពារជាតិរាប់ទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែបានបង្កើនប្រាក់ចំណាយរបស់ខ្លួនវិញលើកដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ ។ នាយករដ្ឋមន្ដ្រីស៊ីនហ្សូ អាបេ ដែលទើបជាប់ឆ្នោតជាងមួយឆ្នាំកន្លងមកនោះបានអំពាវនាវកម្លាំងយោធាឲ្យមានសិទ្ធិអនុវត្ដផែនការការពារជាតិភ្លាមៗ។ លោក អាបេក៏បានបង្កើតក្រុមប្រឹក្សាសន្ដិសុខជាតិដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

លោក អាបេ បានមានប្រសាសន៍ថា ការព្រមព្រៀងទៅលើយុទ្ធសាស្ដ្រសន្ដិសុខជាតិនេះធ្វើឲ្យនយោបាយសន្ដិសុខនិងនយោបាយការបរទេសរបស់ជប៉ុនមានភាពច្បាស់លាស់និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋជប៉ុនក៏ដូចពិភពលោកទាំងមូលបានមើលឃើញ ។

ការចំណាយប្រាក់រយៈពេល៥ឆ្នាំទៅលើវិស័យការពារជាតិមានសរុប ២៣២ពាន់ពាន់លានដុល្លារ។ គម្រោងរបស់ជប៉ុនទៅលើវិស័យយោធានេះធ្វើឡើងបន្ទាប់ពីចិនបានប្រកាសតំបន់ការពារដែនអាកាសថ្មី (ADIZ) ស្ថិតនៅតំបន់សមុទ្រចិនខាងកើតដោយក្នុងនោះមានរួមបញ្ចូលដែនអាកាសប្រជុំកោះរបស់ជប៉ុនផងដែរ ។

ចិនបានបញ្ជាក់ថា រាល់ការហោះហើរឆ្លងកាត់តំបន់ការពារដែនអាកាសថ្មីរបស់ខ្លួននោះត្រូវតែជូនដំណឹងឲ្យចិនបានដឹងជាមុនសិនបើពុំដូច្នោះទេ អាចប្រឈមនឹងគ្រោះថ្នាក់ជាក់ជាពុំខាន ។ ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងដែលពាក់ព័ន្ធបានរិះគន់យ៉ាងខ្លាំងដល់ចិនលើការបង្កើតតំបន់ការពារដែនអាកាសថ្មីនោះ ។ អាមេរិកបានហៅថា ជាការប៉ុនប៉ងបង្កើតឲ្យមានការផ្លាស់ប្ដូរនៅក្នុងតំបន់យ៉ាងពិតប្រាកដ ។

ចិន បានរិះគន់ទៅលើគោលនយោបាយរបស់បរទេស ហើយបាននិយាយថា ខ្លួនកំពុងតែតាមដានពិនិត្យមើលយ៉ាងយកចិត្ដទុកដាក់ទៅលើទិសដៅដឹកនាំនយោបាយនិងយុទ្ធសាស្ដ្រសន្ដិសុខរបស់ជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡេយ បានមានប្រសាសន៍ថា «ជប៉ុនរិះគន់មិនសមទំនងទាល់តែសោះចំពោះសកម្មភាពធម្មតារបស់កម្លាំងទាហ៊ានជើងទឹកចិននិងបានបំភ្លៃការពិតថា ចិនគំរាមកំហែងដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ខ្លួន»។ ជប៉ុនបានឈរលំដាប់ទី៥នៅទូទាំងពិភពលោកដែលចំណាយប្រាក់ទៅលើវិស័យយោធា រីឯប្រទេសចិនឈរលំដាប់ទី២បន្ទាប់ពីអាមេរិកដែលឈរនៅលំដាប់ទី១ ៕

2

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print