ចិនបានប្រកាសថា និងដំណើរការនៅបង្គោលភ្លើងទី៥ ដែលបានសាងសង់នៅលើកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូងដែលមានវិវាទជាមួយវៀតណាម។
លោក Xu Ruqing ប្រធានមន្ទីសុវត្ថភាពដែនសមុទ្របានឲ្យដឹងថា ការសាងសង់បង្គោលភ្លើងទី៥ នៅលើកោះដែលមានវិវាទជាមួយវៀតណាមបានរួចរាល់។ កោះដែលចិនសាងសង់នោះវៀតណាមបានប្រកាសថា ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន។
ចិនចាប់ផ្តើមសាងសង់បង្គោលភ្លើងយក្សតាំងពីខែឧសភា ឆ្នាំ២០១៥ មក ហើយពេលនេះបង្គោលភ្លើងទី៥ បានដំណើរការកាលពីថ្ងៃទី២៥ ខែមិថុនា ។
ការដែលចិនបានសម្រេចសាងសង់បង្គោលភ្លើងខាងលើតាមប្រសាសន៍លោក Xu អះអាងថា ទាំងនោះជាតួនាទីរបស់ចិនក្នុងការរក្សាសន្តិសុខចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង។ ការសាងសង់នោះបានបញ្ចាក់យ៉ាងច្បាស់ថា តំបន់ទាំងនោះគឺជារបស់ចិនពេញលេញបើទោះជាប្រទេសមានវិវាទមិនយលព្រមក៏ដោយ។
ចំណែកវិវាទនៅដែនសមុទ្រជាមួយហ្វីលីពីនវិញរដ្ឋាភិបាលថ្មីបានសម្រេចចែករំលែកជាមួយទីក្រុងប៉េកាំង នូវធនធានធម្មជាតិនៅតំបន់ជាប់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នីតិវិធីអន្ដរជាតិមួយដែលជាអារកាត់នៅក្នុងជម្លោះទឹកដីនេះ បានបំពុលទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក៏ប៉ុន្តែការបោះដៃមុនរបស់ប្រធានាធិបតីហ្វីលីពិនថ្មីទៅរកប្រទេសចិននេះ ប្រហែលជាអាចនឹងជំរុញឲ្យទំនាក់ទំនងការទូតរវាងចិននិងហ្វីលីពីន មានភាពកក់ក្តៅឡើងវិញ។
រដ្ឋាភិបាលថ្មីទីក្រុងម៉ានីល បានប្តូរគោលនយោបាយរបស់ខ្លួនដោយបានសន្យាថា ហ្វីលីពីនត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកធនធានធម្មជាតិនៃតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន បើទោះបីជាសាលាក្តីអន្តរជាតិ អាកាត់ឲ្យហ្វីលីពីនឈ្នះក៏ដោយក្តី។ យោងតាមក្រសួងការបរទេសថ្មីហ្វីលីពីន «រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីនថ្មី លោក Rodrigo Duterté» សង្ឃឹមថានឹងបើកកិច្ចពិភាក្សាជាមួយចិនឲ្យបានយ៉ាងឆាប់រហ័សបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ ( PCA) នៅទីក្រុងឡាអេនៅថ្ងៃអង្គារខាងមុខ។
ការចរចាគ្នានឹងត្រូវផ្តោតទៅលើការធ្វើអាជីវកម្មរួមគ្នានៅលើធនធានធម្មជាតិដូចជាឧស្ម័ន និងជលផលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ។ រដ្ឋាភិបាលហ្វីលីពីនមុនជំនាន់លោក Benigno Aquino ធ្លាប់បានធ្វើការប្តឹងប្តល់ទៅសាលាក្តីអន្តរជាតិ CPA នៅឆ្នាំ ២០១៣ ដោយអះអាងថា «ការទាមទាររបស់ចិននៅតំបន់ជម្លោះនោះគឺជាការរំលោភលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ) ដែលហ្វីលីពីននិងចិន ជាប្រទេសហត្ថលេខី។
ទីក្រុងប៉េកាំងវិញ តែងតែចាត់ទុកតំបន់សមុទ្រចិនខាងត្បូងជាទឹកដីជាតិចិនស្ទើរតែទាំងស្រុង រូមទាំងតំបន់សមុទ្រនៃប្រទេសជិតខាងផង។ ដើម្បីការពារអះអាងរបស់ខ្លួន ចិនបានខិតខំកសាងជាកោះសិប្បនិមិត្តជាច្រើនកន្លែង និងវាលយន្តហោះយោធាសម្រាប់ចុះចត។
គួររំលឹកថា ប្រទេសហ្វីលីពីន វៀតណាមម៉ាឡេស៊ី ប្រ៊ុយណេនិងតៃវ៉ាន់ ប្រទេសជិតខាងជាមួយចិន ក៏នៅតែទាមទាររៀងៗខ្លួនថាដែនសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធរបស់ប្រទេសពួកគេ៕
ប្រែសម្រួល៖ សាធី