វាជាការកម្រមួយដែលនិយាយអំពីសម្ពន្ធមិត្តដ៏ជិតស្និទ្ធ។ អាមេរិកបានជំរុញឲ្យសហភាពអឺរ៉ុបកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ឲ្យជួយគាំទ្របន្ថែមទៀត និងពេញទំហឹងតែម្តងដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងអ្វីដែលខ្លួនកំពុងតែមានជម្លោះជាមួយប្រទេសចិនពាក់ព័ន្ធការសាងសង់ដែនកោះសិប្បនិមិត្តស្ថិតនៅសមុទ្រចិនភាគខាងត្បូងនោះ ។
លោកស្រី Amy Searight ជំនួយការឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនស្វាគមន៍ចំពោះសហភាពអឺរ៉ុបនៅក្នុងការអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងជម្លោះដែនសមុទ្រ និងគោរពទៅតាមច្បាប់អន្តរជាតិ ។
ប៉ុន្តែ វាហាក់ដូចជាសម្តែងឲ្យឃើញការខុសប្លែកនៅក្នុងសកម្មភាព ខណៈដែលទីក្រុងវ៉ាស៊ីនតោនអំពាវនាវឲ្យមានការគាំទ្រដល់ការបង្កកទ្រព្យសម្បតិ្ត ដោយសារតែសកម្មភាពរបស់ប្រទេសទៅលើប្រទេសគូជម្លោះ។ ប្រទេសចិនបានច្រានចោលការចោទប្រកាន់ផ្សេងៗរបស់អាមេរិក ។
លោកស្រី Amy Searight បានថ្លែងក្នុងឱកាសបើកកិច្ចពិភាក្សាមួយស្តីអំពីគោលនយោបាយអាមេរិក និងអឺរ៉ុប ឆ្ពោះទៅកាន់តំបន់អាស៊ីភាគខាងកើត ដែលបានប្រព្រឹត្តធ្វើឡើងនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវស្តីពីយុទ្ធសាស្ត្រ អន្តរជាតិប្រចាំនៅទីក្រុងវ៉ាស៊ីនតោនថា វាគួរតែមានការជួយឲ្យពេញដៃពេញជើង ប្រសិនបើកអឺរ៉ុបពិតជាចង់គាំទ្រដល់អាមេរិកមែននោះ អឺរ៉ុបគួរតែបង្ហាញការគាំទ្រគោលការណ៍ទាំងនេះឲ្យបានច្បាស់លាស់ជាងនេះ ។
លោក Michael Fuchs ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកប្រចាំនៅអាស៊ីភាគខាងកើតបានថ្លែងថា អាមេរិកត្រូវការគាំទ្របន្ថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជម្លោះនៅសមុទ្រចិនភាគខាងត្បូង ដែលចិនបាននិងកំពុងមានវិវាទលើដែនអធិបតេយ្យជាមួយបណ្តាប្រទេសជាច្រើននោះ ។ លោកបន្តថា នេះគឺជាអ្វីដែលយើងនិយាយនូវអ្វីដែលយើងមើលឃើញពីសកម្មភាពពាក់ព័ន្ធ ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក David O’Sullivan បានថ្លែងថា សហភាពអឺរ៉ុប និងអាមេរិកគឺមានគោលដៅ មានកម្មវត្ថុប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើអត្ថាធិប្បាយខាងលើនេះវាហាក់ដូចធ្ងន់ពេកហើយមកលើសហភាពអឺរ៉ុប ។ លោកបន្តថា ការប្រើភាសានិយាយស្តី មានពេលខ្លះមានប្រយោជន៍ មានអត្ថន័យ ប៉ុន្តែការប្រើភាសានិយាយស្តីខ្លះទៀតនាំឲ្យមានការក្តៅក្រហាយ និងប្រឆាំងតបតវិញ ។
លោក David O’Sullivan បានបន្តថា សហភាពអឺរ៉ុបកំពុងមានការព្រួយបារម្ភខ្លាំងស្តីពីបញ្ហាសន្តិសុខនៅតំបន់អាស៊ីបូព៌ា ដោយបញ្ជាក់ថា វាក៏ជាការងារទទួលខុសត្រូវរបស់ខ្លួនផងដែរ ។ ប៉ុន្តែបើទោះជាបែបនេះក៏ដោយ សហភាពអឺរ៉ុបមិនអានធ្វើអ្វីលើសពីកម្រិតរបស់ខ្លួនបានឡើយ ៕