ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំរបស់កម្ពុជារកបាន៣ពិន្ទុក្នុងដៃក្រោយពីលេងឈ្នះក្រុមយុវជនមកពីប្រទេសឡាវក្នុងលទ្ធផល៣-១វគ្គវិលជុំ ក្នុងពូលBឈានទៅដណ្តើមពានរង្វាន់ AFF Smart U16 Championship ២០១៦។
ក្រុមយុវជនកម្ពុជាមានឱកាសជាច្រើនក្នុងការប្រកួតនេះ ប៉ុន្តែត្រូវបានក្រុមយុវជន U16ឡាវរារាំងឱកាសដែលអាចរកគ្រាប់បាល់បាននៅតង់ទី១ក្នុងនាទីទី១១ ហើយ កីឡាករ ចាន់ធា ស៊ុតបាល់ប៉ះបង្គោលទី ។ លុះក្រោយមកនៅនាទីទី២៦កីឡាករដដែលនេះមានឱកាសស៊ុតបាល់ម្តងទៀតតែត្រូវអ្នកចាំទីឡាវជួយសង្គ្រោះបាននិងនៅនាទីទី៣០ឱកាសជាថ្មីនៅមុខទី ប៉ុន្តែអ្នកចាំទី ឡាវនៅតែជួយបាន ។
នៅចុងតង់ទី១និងជាងពាក់កណ្តាល តង់ទី២កីឡាករចាន់ធា ទស្សនិកជនស្រែក ហ៊ោអបអរស្ទើរតែអង្គុយមិនជាប់គូទនៅកៅអីដោយសារកីឡាកររូបនេះរកបាន២ គ្រាប់ក្នុងចំណោម ៣ គ្រាប់របស់កម្ពុជា ទោះបីអ្នកចាំទីក្រុមឡាវដៃស្អិតយ៉ាងណាក៏ដោយ ។ ក្នុងនោះកីឡាករ ចាន់ធា រក បាននៅនាទីទី៤០ និងនាទីទី ៧០ ហើយមួយគ្រាប់ទៀតស៊ុតបានសម្រេច ដោយកីឡាករខ្សែបម្រើ ស៊ិន កក្កដា នៅនាទីទី ៤៥ ។
ចំពោះ១គ្រាប់របស់ក្រុមឡាវរកបាននៅនាទី៨២ដោយកីឡាករ ពាក់អាវលេខ១៧ ឈ្មោះBounphachan Bounkong ។
ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ដដែលនេះដែរក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ប្រ៊ុយណេបានប្រកួតចាញ់ក្រុមយុវជន អាយុក្រោម១៦ឆ្នាំទីម័រខាងកើត០ -៣ ។ គ្រាប់បាល់ទាំង ៣គ្រាប់នោះរកបានដោយកីឡាករពាក់អាវលេខ៩ឈ្មោះ Juvencio Acacio Ximenes នៅនាទី២៩ ។ កីឡាករ លេខ ១១ឈ្មោះExpedito Soares Do Conceicao រកបាននៅនាទីទី៤៣ និងមួយគ្រាប់ទៀតរកបានដោយកីឡាករពាក់អាវលេខ៦ឈ្មោះ Osorio Angelo Da Costa Gusmao នៅនាទី៤៩ ៕
ដោយ៖ សារីម