ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញរាយការណ៍មកថា មានជនមួយចំនួនកំពុងកាប់ទន្រ្ទៀននិងឈូកឆាយយកដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធបុគ្គលរាល់ថ្ងៃ ត្រូវបានគេដាក់ការសង្ស័យថាមានការឃុបឃិតបើកដៃពីអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធ។
ប្រភពព័ត៌មានខាងលើបន្តថា ទីតាំងក្រុមជនទុច្ចរិតធ្វើសកម្មភាពរាល់ថ្ងៃនោះត្រង់ចំណុយភ្នំយាយម៉ៅខាងកើត ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហើយសកម្មភាពនេះពុំមែនទើបកើតឡើងនោះទេគឺកើតមានជាយូមកហើយដោយគេធ្វើសកម្មភាពកាប់ឈើជាមុនទើបឃើញមានគ្រឿងចក្រឆ្មក់ចូលធ្វើសកម្មភាពបែបលួចលក្ខ ហើយមេការគ្រឿងចក្រចូលធ្វើសកម្មភាពខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ឈាង ភេទប្រុស រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញនេះឯង គេពុំដែលឃើញសមត្តកិច្ចពាក់ព័ន្ធចុះទៅធ្វើការបង្រ្កាបម្តងណានោះទេ ឃើញតែទៅយកលុយដាក់ហោប៉ៅត្រង់ៗ ប៉ុន្តែបើពួកគេឃើញសមត្តកិច្ចប្លែកៗគ្រាន់តែទៅជិតដល់គេបើកគ្រឿងចក្រចេញភ្លាម។
ប្រភពដដែលអះអាងបន្តទៀតថា ករណីនេះពួកគាត់ធ្លាប់រាយការណ៍ដល់ថ្នាក់ស្រុក តែពុំមានប្រសិទ្ធភាពសោះ ដូច្នេះហើយបញ្ហានេះត្រូវបានគេដាក់ការសង្ស័យថា មានការឃុបឃិតគ្នាតាំងពីភូមិដល់ស្រុក ម្តងនេះតាមរយៈផ្សាយព័ត៌មានអាចមានប្រសិទ្ធភាពដែរឬយ៉ាងណា។
ពាក់ព័ន្ធនិងប្រភពព័ត៌មានលើកឡើងខាងលើក្នុងការសង្ស័យថា អាជ្ញាធរឃុបឃិតជាមួយជនប្រពិ្រត្តបទល្មើសកាប់ រុករាន ទន្រ្ទៀនយកដីព្រៃជាកម្មសិទ្ធបុគ្គល។
ពាក់ព័ន្ធនិងករណីនេះ «នគរដ្រាហ្គន» មិនអាចសុំការពន្យល់ណាមួយពីលោក ផេង វ៉ាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង បានទេខណៈទូរស័ព្ទចូលគ្មានអ្នកទទួលនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ៕
ដោយ៖ ប៉ឹម ពិន