អាមេរិកបញ្ជូនទាហ៊ាន​ ៥០០នាក់ទៅកាន់អ៊ីរ៉ាក់ដើម្បីកម្ចាត់ក្រុម ​IS

ចែករំលែក៖

អាមេរិកបានដាក់ពង្រាយកម្លាំងទាហ៊ានប្រមាណ ៥៦០នាក់បន្ថែមនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីជួយដល់កម្លាំងទាហ៊ានអ៊ីរ៉ាក់ប្រឆាំងក្រុមភេរវកម្ម IS  ។

...

សារព័ត៌មាន Daily Star បានផ្សាយថា នៅថ្ងៃទី១១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ ដោយពិភាក្សាទៅលើបញ្ហាសំខាន់ក្នុងនោះមានការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS ។

ជាមួយនិងការដាក់ទាហ៊ានបន្ថែមនោះធ្វើឲ្យទាហ៊ានអាមេរិកកើនឡើងរហូតដល់ទៅ ៤.៦០០នាក់។ តួនាទីរបស់ទាហ៊ានអាមេរិកនៅទីនោះគឺធ្វើជាទីព្រឹក្សាហ្វឹកហាត់ផ្តល់យុទ្ធសាស្ត្រដល់ទាហ៊ានអ៊ីរ៉ាក់ក្នុងការធ្វើសង្គ្រាម។

មន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា ការដាក់ទាហ៊ានបន្ថែមគឺជួយដល់កម្លាំងទាហ៊ានអ៊ីរ៉ាក់ដណ្តើមយកពីតាំងទាំងឡាយពីក្រុង IS វិញ។ កន្លងមកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Al Abadi បានប្រកាសថា កម្លាំងទាហ៊ានប្រទេសនេះបានដណ្តើមយកទីតាំង Quyyarah ចម្ងាយពីទីក្រុង Mosul ប្រមាណ៦០គីឡូម៉ែត្រនៅភាគខាងត្បូងកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ។

ថ្ងៃទី១១ ខែកក្កដា នេះ លោក Ashton Carter រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានទៅដល់ទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ព្រមទាំងមេទ័ពធំៗរបស់អាមេរិក ដែលកំពុងបំពេញបេសកកម្មជួយកងទ័ពអ៊ីរ៉ាក់ក្នុងការកម្ទេចក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។ នេះជាទស្សនកិច្ចលើកទី៤ហើយរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បើរាប់ពីដើមឆ្នាំ២០១៥ មក។

មុននឹងឡើងយន្តហោះនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនលោក Ashton Carter បានថ្លែងថា លោកនឹងទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងបណ្តាមេទ័ពធំៗរបស់អាមេរិកនៅអ៊ីរ៉ាក់ ស្តីពីដំណាក់កាលយុទ្ធសាស្ត្របន្តបន្តាប់ទៀត ដើម្បីឈានទៅដណ្តើមយកក្រុងមូស៊ូលមកវិញឲ្យបានពីដៃក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។ លោកបន្ថែមថា យកឈ្នះលើក្រុមដ៏ព្រៃផ្សៃនេះគឺត្រូវដណ្តើមយកដែនដីកាន់កាប់របស់ពួកវា ហើយការដណ្តើមយកមកវិញនូវក្រុងមូស៊ូលគឺជាដំណាក់កាលសំខាន់បំផុត។

សូមបញ្ជាក់ថា ក្រុងមូស៊ូល គឺជាទីក្រុងធំទី២នៃប្រទេសអ៊ីរ៉ាក់ ហើយត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម កាលពីខែមិថុនា ឆ្នាំ២០១៤ ។ បច្ចុប្បន្ននេះ ក្រុមកងទ័ពអ៊ីរ៉ាក់ដែលបានជំនួយពីក្រុមប្រឹក្សាយុទ្ធសាស្ត្រអាមេរិក បានឈានទៅដណ្តើមបានមូលដ្ឋានទ័ពអាកាសមួយកន្លែងដែលមានចំងាយ ៦០គីឡូម៉ែត្រពីក្រុងមូស៊ូល។

មូស៊ូល គឺជាមូលដ្ឋានធំរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់។ ថ្វីបើក្រុមនេះបានបាត់បង់ដែនដីមួយចំនួនធំក្តី តែក្រុមនេះនៅតែបន្តធ្វើភេរវកម្មយ៉ាងសាហាវពាសពេញអ៊ីរ៉ាក់និងស៊ីរី។ ជាក់ស្តែងកាលពីថ្ងៃទី៤ ខែកក្កដា ភេវកម្មដ៏ព្រៃផ្សៃមួយបានកើតឡើងនៅទីក្រុងបាដាដ ដោយបានសម្លាប់មនុស្សអស់ជិត៣០០នាក់។ ហើយភេរវកម្មនៅទីបូជនីយដ្ឋានក្រុមនិកាយអ៊ិស្លាមឈីអីត នៅក្រុងបាដាដ ក៏ជាស្នាដៃរបស់ក្រុមជីហាដនេះផងដែរ ដោយមានស្លាប់មនុស្ស ៤០នាក់។

រដ្ឋាភិបាលអាមេរិកធ្លាប់ត្រូវបានគេរិះគន់ជាខ្លាំងថា បាននៅអែរអង់មិនព្រមចូលទៅជួបអន្តរាគមន៍ឲ្យបានទាន់ពេលវេលានៅអ៊ីរ៉ាក់ និងជាពិសេសនៅស៊ីរី។ តែយ៉ាងណាក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ប្រតិបត្តិការនៅស៊ីរី មានការលំបាកដោយសារតែកងទ័ពអាមេរិកពុំមានទិន្ន័យយុទ្ធសាស្ត្រគ្រប់គ្រាន់នៅលើមូលដ្ឋានផ្ទាល់ ហើយដែលធ្វើឲ្យអន្តរាគមន៍ត្រូវជួបការប្រថុយប្រថានច្រើន។

យ៉ាងណាក៏ដោយ ខាងមន្ទីរប៉ង់តាហ្គោន បានអបអរចំពោះការសម្រេចបាននូវដំណាក់កាលទាំង១០ចំណុចដំបូងក្នុងការឈានទៅយកជ័យជំនះលើក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។ ដំណាក់កាលទាំងនោះមានជាអាទិ៍គឺការវាយដណ្តើមយកមកវិញនូវទីតាំងមូលដ្ឋានធំនៅស៊ីរី ដូចជាក្រុង អាល់ ឆាដាឌី និង ក្រុងរ៉ាម៉ាឌី នៅអ៊ីរ៉ាក់ ជាដើម។

បច្ចុប្បន្ននេះ ក្រៅពីជំនួយវាយប្រហារបើកផ្លូវពីលើអាកាស អាមេរិកបានបញ្ជូនជំនាញការយោធាប្រមាណជា ៤.០០០នាក់ ដើម្បីជួយហ្វឹកហាត់ និងផ្តល់យុទ្ធសាស្ត្រដល់កងទ័ពអ៊ីរ៉ាក់។ ដោយឡែកលើកនេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏មានគម្រោងជួបជាមួយលោក Massoud Barani មេដឹកនាំតំបន់ស្វ័យ័ត្ន កួកឌីស្ថាន ផងដែរ។ អាមេរិកបានសន្យាជួយក្រុមកម្លាំងកួដអ៊ិរ៉ាក់ចំនួន ៥១៤លានដុល្លារក្នុងការប្រយុទ្ធជាមួយនឹងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម៕

1 (3)

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print