ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដោយមានការចូលរួមពីសំណាក់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ២៨០ មាត្រា និង ១៨ ជំពូក ហើយត្រូវបានរៀបចំឡើងដោយធ្វើការច្របាច់បញ្ចូលនូវសេចក្តីព្រាងច្បាប់ចំនួន ៣ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ កំណត់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងចូលរួមជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាសរសៃឈាមនៃប្រព័ន្ធគមនាគមន៍ និងឡូជីស្ទីកដ៏សំខាន់នៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមទន្លេផ្ទៃក្នុងប្រទេស ដែលមានថ្លៃថោក តែបច្ចុប្បន្នមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងមានប្រសិទ្ធភាពនៅឡើយ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print