ខេត្តបាត់ដំបងៈ ទារិកាចម្លែកម្នាក់កើតក្នុងគ្រួសារក្រីក្រធ្វើចំការនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ តែកើតមកគ្មានកាយសម្បទាគ្រប់គ្រាន់គ្មានស្លឹកត្រចៀកនិងរន្ធត្រចៀកទាំង២ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យនិងអាណាព្យាបាលនាំគ្នាត្រឹមតែនិយាយលាន់មាត់គ្រប់គ្នាចូលរួមអាណិតសង្វេកដល់ទារិកាអភ័ព្វនេះ។ តើជាតិមុនមានបាបកម្មអ្វីកើតមកជាតិនេះគ្មានស្លឹកត្រចៀកនិងរន្ធត្រចៀកបែបនេះ? ។
ទារិកាអភ័ព្វត្រូវគ្រូពេទ្យប្រាប់ឱ្យដឹងថា មានទម្ងន់៤Kg ឪពុកឈ្មោះឌុល វុទ្ធី អាយុ២៥ ឆ្នាំ ប្រពន្ធ ជួន សុខា អាយុ២៥ ឆ្នាំ រស់នៅភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ រៀបការ៤ឆ្នាំមានកូន២នាក់ កូនប្រុសច្បងអាយុជាង២ឆ្នាំ ដោយឡែកសម្រាប់កូនស្រីទើបប្រសូត្រ៣ថ្ងៃនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនមានភាពចម្លែកគ្មានស្លឹកត្រចៀកនិងរន្ធត្រចៀកទាំ២។បើតាមការបញ្ជាក់ឱ្យដឹងពីឪពុកម្តាយទារិកានោះឱ្យដឹងថា កូនស្រីគាត់ទី២ ទើបកើតបាន៣ថ្ងៃមានភាពចម្លែកគ្មានស្លឹកត្រចៀកធ្វើឱ្យគាត់មានក្តីអាណិតជាទីបំផុតមិនដឹងថាធំពេញវ័យឡើងគេតូចចិត្តនិងវាសនាយ៉ាងដូចម្តេចឡើយ។ គាត់ប្រាប់ឱ្យដឹងទៀតថាកូនគាត់ច្បងប្រុសអាយុជាង២ឆ្នាំមានកាយសម្បទាគ្រប់គ្រាន់ ដោយឡែកកូនស្រីទើបតែកើតមកបែរជាមានកាយសម្បទាមិនគ្រប់គ្រាន់គ្មានស្លឹកនិងរន្ធត្រចៀកហើយទាល់គំនិតរកផ្លូវណាដើម្បីជួយកូនស្រីនេះឡើយ។ឪពុកម្តាយទារិកាអភ័ព្វសំណូមពរដល់សប្បុរសជនក្នុងនិងក្រៅប្រទេសបើសិនដឹងថាមានមន្ទីរពេទ្យអាចវះកាត់ព្យាបាលត្រចៀកបានសូមមេត្តាជួយដល់កូនស្រីនិងគ្រួសារគាត់ផងពីព្រោះពួកគាត់គ្មានលទ្ធភាពរកកន្លែងវះកាត់ព្យាបាលនោះទេ៕
ដោយសំ វិច្ឆិកា