ពេលនេះអង់គ្លេសមាននាយករដ្ឋមន្ត្រីថ្មី ហើយអង់គ្លេសនិងជម្រុញឲ្យបានឆាប់បំផុតក្នុងការចាកចេញពីអឺរ៉ុប។ ការចាកចេញនោះមិនប៉ះពល់ដល់សេដ្ឋកិច្ចពិភពលោកដូចជានៅក្នុងតំបន់ឡើយដោយទំនាក់ទំនងសេដ្ឋកិច្ចនៅដដែលមិនមានការកែប្រែ។
សហភាពអឺរ៉ុបគឺជាអ្នកវិនិយោគដ៏ធំនៅក្នុងតំបន់អាស៊ាន ហើយក៏ជាដៃគូពាណិជ្ចកម្មដ៏ធំផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានមានប្រសាសន៍ថា ការចាកចេញរបស់អង់គ្លេសនេះនឹងមានផលប៉ះពាល់បន្តិចបន្តួចទៅលើសហគមន៍ក្នុងតំបន់នេះ។
លោក Muhadi Sugiono អ្នកជំនាញ ទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យ Gadjah Mada បានមានប្រសាសន៍ថា ប្រសិនបើប្រជាជនអង់គ្លេសរើសយកការចាកចេញពីសហភាពអឺរ៉ុបនោះនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុបនេះ ប៉ុន្តែការផ្លាស់ប្តូរនេះនឹងមិនធំគ្រប់គ្រាន់ដើម្បីបំពុលស្ថានភាពនៅក្នុងស្ថាប័នផ្សេងទៀតដូចជាអាស៊ាននោះទេ។
ការព្រួយបារម្ភខ្លាំងបំផុតចំពោះការចាកចេញរបស់អង់គ្លេសគឺថា វាអាចជំរុញឲ្យប្រទេសផ្សេងទៀតចាកចេញពីសហភាពអឺរ៉ុបផងដែរ បើទោះបីជារឿងនេះមានកម្រិតទាបក៏ដោយ។ ចក្រភពអង់គ្លេសមិនដែលមានសកម្មភាពពេញលេញនៅក្នុងសហភាពអឺរ៉ុបនោះទេ។
លោកបានបន្ថែមទៀតថា ជាការពិតសហភាពអឺរ៉ុប និងអាស៊ានគឺពឹងផ្អែកទៅលើក្របខ័ណ្ឌការងារក្នុងតំបន់ទាំងនោះដើម្បីទទួលបានកិច្ចសហប្រតិបត្តិការ ដូច្នេះផលប៉ះពាល់ទៅលើដៃគូមិត្តភាពបន្ទាប់ពីការចាកចេញរបស់អង់គ្លេសមានបន្តិចបន្តួចប៉ុណ្ណោះ។
មួយវិញទៀតចក្រភពអង់គ្លេសខ្លួនឯងផ្ទាល់នឹងទទួលរងនូវភាពឯកាច្រើនជាងសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះឈប់ពឹងផ្អែកទៅលើភាពជាដៃគូជាមួយនឹងប្រទេសជាច្រើនផ្សេងទៀតហើយ។ ប្រទេសទាំងអស់នោះប្រហែលជាចាំបាច់ត្រូវធ្វើការចរចាជាមួយអាស៊ានវិញ។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់អាស៊ានដែលមានការវិនិយោគជាមធ្យមប្រហែលជា ១៤,៨ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។
ការនាំចេញសំខាន់របស់សហភាពអឺរ៉ុបទៅកាន់អាស៊ានមានផលិតផលគីមី ម៉ាស៊ីន និងសម្ភារដឹកជញ្ជូនជាដើម។ ការនាំចេញសំខាន់របស់អាស៊ានទៅកាន់សហភាពអឺរ៉ុបគឺផលិតផលកសិកម្ម និងសម្លៀកបំពាក់ជាដើម។
ចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មប្រកបដោយយុទ្ធសាស្ត្រមួយសម្រាប់ប្រទេសដែលជាសមាជិករបស់អាស៊ាន។ គ្រាន់តែពាណិជ្ជកម្មរបស់តំបន់នេះជាមួយឥណ្ឌូនេស៊ីមាន ២,៣ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅហើយ កាលពីឆ្នាំមុន។
ខណៈនោះដែរលោក Yose Rizal Damuri ប្រធានស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅក្នុងមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានមានប្រសាសន៍ថា ការចាកចេញរបស់អង់គ្លេសនេះអាចនឹងមានទាំងផលវិជ្ជមាននិងអវិជ្ជមាន។
ចំពោះផលអវិជ្ជមានលោក Yose បានមានប្រសាសន៍ថា អ្នកសេដ្ឋកិច្ចមួយចំនួនបានទស្សន៍ទាយថា ចក្រភពអង់គ្លេសនឹងជួបនូវការធ្លាក់ចុះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
ចំពោះផលវិជ្ជមានលោក Yose បានមានប្រសាសន៍ថា ការចាកចេញរបស់អង់គ្លេសនឹងបើកឱកាសដល់ចក្រភពអង់គ្លេស ដើម្បីបើកចំហកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដោយសេរីជាមួយនឹងប្រទេសជាច្រើន ដូចជាបណ្តាប្រទេសអាមេរិកខាងជើងជាដើម។
លោកក៏លើកឡើងទៀតថា នេះក៏មានន័យថា បណ្តាប្រទេសសេដ្ឋកិច្ចមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏នឹងទទួលបានឱកាសថ្មីមួយដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែជ្រៅជាងមុនជាមួយនឹងចក្រភពអង់គ្លេសផងដែរជាពិសេសអង់គ្លេសនឹងមានសេរីភាពដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាច្រើនជាមួយប្រទេសផ្សេង ដោយមិនចាំបាច់ត្រូវរង់ចាំការអនុម័តពីសហភាពអឺរ៉ុប ៕
ប្រែសម្រួល៖ សាធី