ភ្នំពេញ៖ ចិញ្ចើមផ្លូវនៅតាមទីតាំង មួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានគេ រំលោភធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ជាក់ ស្តែងបើធ្វើដំណើរតាមផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅ ជាប់របងសាលាបឋមសិក្សាទួលគោក គេនឹងឃើញកន្លែងនោះកំពុងក្លាយជា កន្លែងដាក់តាំងលក់រថយន្តយ៉ាងអនាធិបតេយ្យនិងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ យ៉ាងខ្លាំងដល់ផ្លូវសាធារណ:រកកន្លែងដើរមិនបាន ។
ប្រជាពលរដ្ឋជាច្រើននាក់ពិតជាមិន សប្បាយចិត្តរឿងនេះឡើយ ដោយសារតែគេគិតតែផលប្រយោជន៍របស់ខ្លួន មិនគិត សណ្នាប់ធ្លាប់សង្គម ដោយរំលោភយក ចិញ្ចើមផ្លូវទៅធ្វើអាជីវកម្មកន្លែងលក់រថយន្តអត់អៀនខ្មាស ។
ករណីនេះចំពោះអាជ្ញាធរដែនដីវិញដូចជាមើលមិនឃើញសោះចំពោះបញ្ហានេះ ឬមួយក៏អាជ្ញាធរធ្វើមិនដឹងមិនឃើញដែលគេសង្ស័យមានផលប្រយោជន៍ពីទីតាំងនោះហើយមើលទៅបានជាមិនចុះទៅរៀបចំសណ្តាប់ធ្នាប់សោះ ។
ប្រជាពលរដ្ឋបន្តឲ្យដឹងទៀតថា ការ បណ្តោយឱ្យមានទីតាំងចតរថយន្ដដាក់លក់ បែបនេះ គឺជាគំរូដ៏អាក្រក់មួយមិនគួរកើតមានឡើយ ។
ប្រជាពលរដ្ឋបាននិយាយថែមទៀតថា សូមលោក អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ ខណ្ឌ មេត្តាចុះទៅរៀបចំសណ្តាប់ធ្នាប់នៅមុខសាលាបបមសិក្សាទួលគោកផង កុំទុក ឲ្យទៅបែបនេះអីអាក្រក់មើលណាស់យូរៗទៅរបងសាលារៀនក្លាយជាកន្លែងដាក់តាំង លក់រថយន្តទៅហើយ ៕
ដោយ៖ ជ្រោយពេជ្រ