ភ្នំពេញ៖ អស់រយៈពេលជាងមួយខែហើយដែលតារាសម្តែងស្រី ភិន សុដាលីស បានវិលមករស់នៅជួបជុំគ្រួសារវិញក្រោយប៉ែន ចំរ៉ុងដែលជាប្តីឥតខាន់ស្លាប្តឹងលែងលះ។ ស្ថិតក្រោមការលើកទឹកចិត្តពីក្រុមគ្រួសារនាងទទួលបានការងារ ជានាយកប្រតិបត្តិរបស់ផលិតកម្មមហាហង្សផងដែរ។
ដូចការអះអាងរបស់លោក អ៊ិន សុភិន ដែលជាឪពុករបស់ភិន សុដាលីស ថានឹងទទួលកូនស្រីទាំងដៃដប់ប្រសិនបើកូនស្រីវិលរកគ្រួសារវិញក្រោយពីបណ្តឹងលែងលះឡើងដល់ដៃតុលាការជាងពីរខែមកហើយនោះ។ រហូតមកដល់ពេលនេះ ភិន សុដាលីស មានផ្ទៃពោះចំនួន៧ខែហើយ ហើយកូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិន សុភិន។
លោកបន្តថា ក្រោយពីវិលចូលផ្ទះលោក និងក្រុមគ្រួសារបានយកចិត្តទុក្ខដាក់លើកទឹកចិត្តចំពោះកូនស្រីដែលកំពុងជួបវិបត្តិផ្លូវចិត្ត និងមានផ្ទៃពោះផងដែរ។ លោកថា លោកបានផ្តល់តួនាទីជានាយកប្រតិបត្តិដល់កូនស្រីដែលលោករំពឹងថានាងនឹងមានការងារច្បាស់លាស់ អាចបន្លប់ទុក្ខព្រួយនិងមានប្រភពចំណូលមួយសមរម្យ។
លោកថា ដាលីសធ្លាប់ធ្វើការងារនេះមុនពេលនាងចាកចេញពីគ្រួសារដូចនេះលោកមិនមានការព្រួយបារម្ភថានាងមិនអាចបំពេញការងារនេះបានទេ ខណៈនាងក៏យល់ច្រើនពីការងារសិល្បៈស្រាប់។ លោកបញ្ជាក់ថា ដាលីសនឹងសម្រាលកូនក្នុងអំឡុងខែកញ្ញា ខាងមុខនេះហើយលោកបើកសិទ្ធិឲ្យកូនស្រីជ្រើសរើសផ្លូវដើរបន្តដែលសូម្បីតែមន្ទីរពេទ្យសម្រាប់សម្រាលកូនក៏លោកឲ្យនាងជ្រើសរើសដែរ។
ជុំវិញការលែងលះវិញលោកបន្តថា សាលក្រមតុលាការនៃការប្តឹងលែងលះនឹងត្រូវចេញនៅថ្ងៃទី២០ខែកក្កដានេះ ក្រោយពីការសម្របសម្រួលបីលើកតាមនិតិវិធីរបស់តុលាការបញ្ចប់ ហើយលោកជឿជាក់ថាកូនស្រីលោកនឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលកូនស្រីនាងយកមកចិញ្ចឹមហើយលោកក៏ទទួលស្គាល់ និងរិតតែអាណិតចៅម្នាក់នេះថែមទៀត។ លោកថាលោកនិងក្រុមគ្រួសារបើកសិទ្ធិឲ្យដាលីស ធ្វើសន្និសីទបញ្ជាក់ជាថ្មីឬមិនធ្វើអាស្រ័យលើនាងក្រោយចេញសាលក្រម ឬក្រោយពេលសម្រាលកូន កូនស្រីរួច។
គួរបញ្ជាក់ដែរថា ភិន សុដាលីស បានចាកចេញពីផ្ទះទៅរស់នៅជាមួយតារាសម្តែង ប៉ែន ចំរ៉ុង ក្រោយមានការជំទាស់ពីឪពុក។ ប៉ុន្តែក្នុងអំឡុងខែមេសាឆ្នាំ២០១៦សាលាដំបូងរាជធានីភ្នំពេញបានធ្វើការកោះហៅតារាសម្តែងនិងពិធីករសម្តីផ្អែម លោក ប៉ែន ចំរ៉ុងឲ្យចូលបំភ្លឺជុំវិញបណ្តឹងប្តឹងលែងលះភរិយា ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នាក្រោយរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយមិនទាន់បានមួយឆ្នាំផងនោះ។
ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានបង្ហាញអារម្មណ៍អាណិតអាសូរដល់ ភិន សុដាលីស ដែលត្រូវបាន ប៉ែន ចំរ៉ុង ទាត់ចោលស្នេហារបស់នាងទាំងកណ្តាលទី ធ្វើឲ្យនាងទទួលបន្ទុកមើលថែទាំងកូនក្នុងផ្ទៃ ដោយត្រូវដើរតួជាម្តាយផង និងឪពុកផង៕
ដោយ៖ វឌ្ឍនា