មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​ម្នាក់​ត្រូវ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ចែករំលែក៖

កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៥​ មេដឹកនាំ​ចិន​បាន​ប្រគល់​អតីត​មេដឹកនាំ​យោធា​មួយ​រូប​ឈ្មោះ​ Guo​ Boxiong​ ទៅ​ឲ្យ​រដ្ឋ​អាជ្ញា​ប្រទេស​នេះ​ដើម្បី​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​ នេះ​ជា​ករណី​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ចិន​ក្នុង​យុទ្ធនាការ​ប្រឆាំង​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ស៊ីសំណូកសូកប៉ាន់​ ។​

guoboxiong-r-net

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ លោក​ Guo​ Boxiong​ ត្រូវ​បណ្តេញ​ចេញពី​បក្ស​កុម្មុយនីស្ត​ចិន​ ដោយសារ​តែ​បាន​ទទួល​សំណូក​ សូកប៉ាន់​ជា​ថ្នូរ​នឹង​ការ​ផ្តល់​តួនាទី​ជា​មន្ត្រី​យោធា​ ។​ ប្រភព​នេះ​បាន​ដកស្រង់​ព័ត៌មាន​ចេញពី​ការិយាល័យ​នយោបាយ​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​ចិន​ ។​

​លោក​ Guo​ Boxiong​ អាយុ​៧៣​ឆ្នាំ​ មាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មាធិការ​កណ្តាល​ដ៏​មាន​អំណាច​ជិត​មួយ​ទសវត្សរ៍​រហូត​មក​ដល់​ឆ្នាំ​២០១២​ ។​ លោក​ Guo​ Boxiong​ ត្រូវ​គេ​រាយការណ៍​ថា​ ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​ដែល​ត្រូវ​ដកហូត​ពី​តំណែង​ពី​ក្រុមប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ ។​

​ទីភ្នាក់ងារ​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ ផ្អែក​តាម​ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា​ លោក​ Guo​ Boxiong​ បាន​ទទួល​សំណូក​ ខណៈ​លោក​នៅ​កាន់​តួនាទី​ ។​ ជាមួយ​គ្នា​នោះ​ លោក​នៅ​បាន​គៃ​បង្វែរ​ផលប្រយោជន៍​នោះ​ទៅ​ឲ្យ​អ្នក​ដទៃ​ផ្សេង​ទៀត​ ក៏​ដូច​ជា​ការ​ទទួល​សំណូក​ដោយ​ខ្លួនឯង​ និង​តាម​រយៈ​ក្រុម​គ្រួសារ​ជាដើម​ ។​

​ការ​ផ្តន្ទាទោស​ទៅ​លើ​លោក​ Guo​ Boxiong​ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​មុន​ពិធី​ខួប​ទី​៨៨​ឆ្នាំ​ ថ្ងៃ​បង្កើត​កងកម្លាំង​យោធា​ចិន​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១​ ខែសីហា​ ។​ លោក​ Guo​ Boxiong​ ត្រូវ​គេ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​តាំងពី​ខែមេសា​ ឆ្នាំ​២០១៥​រៀង​មក​ ។​

​ការ​ប្រគល់​សំណុំរឿង​របស់​លោក​ទៅ​ឲ្យ​រដ្ឋ​អាជ្ញា​យោធា​ មាន​ន័យ​ថា​ លោក​នឹង​ប្រឈម​មុខការ​ផ្តន្ទាទោស​ ដែល​ត្រូវ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់​ គ្មាន​ត្រា​ប្រណី​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ ។​

​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ឡើង​តាម​គោលនយោបាយ​របស់​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​ លោក​ ស៊ី​ ជី​ន​ពីង​ ដែល​ពេល​កន្លង​មក​ មន្ត្រីជាន់ខ្ពស់​ចិន​ជា​ច្រើន​រូប​ ក្នុង​នោះ​មាន​អតីត​ប្រធាន​ក្រុម​សន្តិសុខ​ Zhou​ Yongkang​ ផង​ដែរ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ ។​

​រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្តី​ថ្លែង​ថា​ ទោះបីជា​អ្នក​នោះ​មាន​អំណាច​ មាន​តួនាទី​ខ្ពង់ខ្ពស់​យ៉ាងណា​ក៏​ដោយ​ ប្រសិនបើ​បុគ្គល​នោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ស៊ីសំណូកសូកប៉ាន់​ រំលោភ​ទៅ​លើ​ច្បាប់​បក្ស​ ពួក​គេ​នឹង​ត្រូវ​ទទួលទោស​ ដកហូត​ពី​តួនាទី​ និង​បណ្តេញ​ចេញពី​បក្ស​ដោយ​គ្មាន​ការ​ញញើត​ រអែង​ឡើយ​ ៕

...

guo-boxiong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print