ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ ទីលានបាល់ទាត់ថ្មី ដោយចំណាយថវិកាអស់ជាង១០មឺុនដុល្លារនៅវិទ្យាល័យ ជាសុីម បឹងកេងកង ដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ។
លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទីលានបាល់ទាត់នេះបានអនុវត្តគម្រោងស្ថាបនាចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦នេះ ទើបបញ្ចប់ ដោយចំណាយអស់ថវិកាសរុប ៩៩.៧៨១ដុល្លារអាមេរិកប៉ុន្ដែការ ស្ថាបនាទីលានថ្មីនេះ គឺទទួល បានការឧបត្ថម្ភទាំងស្រុងពីសំណាក់ សាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បាន បញ្ជាក់ថា៖ ដោយសារវិស័យកីឡាកំពុងតែមានសក្ដានុពល និងពេញនិយមលេងកម្សាន្ដ ដើម្បីសុខភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់វ័យ រួមទាំងសិស្សានុសិស្សផងនោះ ទើបជំរុញឲ្យលោកស្ថាបនាទីលានបាល់ទាត់នៃវិទ្យាល័យជាស៊ីមបឹងកេងកងនេះ ដើម្បីផ្ដល់ឲ្យសិស្សានុសិស្សមានទីលានលេងស្រួល ក្រោយទំនេរពីការសិក្សា ដើម្បីបង្កើនសមត្ថភាពផ្លូវកាយ មានភាពឈ្លាតវៃ និងមានក្រមសីលធម៌ល្អផងដែរ ។
ទន្ទឹមជាមួយគ្នានោះ លោកក៏បានប្រកាសអំពីយុន្ធការបង្កើតឲ្យមាន «សមាគមកីឡារាជធានីភ្នំពេញ»មួយ ដើម្បីគាំទ្ររាល់សកម្មភាពកីឡាក្នុងរាជធានីភ្នំពេញ និងជំរុញឲ្យគ្រប់ខណ្ឌទាំង មានចលនាកីឡាគ្រប់ប្រភេទ ដើម្បីធ្វើការប្រកួតជើងឯកប្រចាំឆ្នាំទៀតផង ។
លោកបានបន្ដថា ៖ នេះគឺជាយុទ្ធសាស្ដ្រមួយដើម្បីបំផុសសកម្មភាពកីឡា និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាមួយរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា៖ ចំពោះការស្ថាបនាទីលានបាល់ទាត់ស្មៅធម្មជាតិ នៃវិទ្យាល័យបឹងកេងកង ដែលចំណាយអស់ជិត១០មឺុនដុល្លារ នេះ គឺទទួលបានសមិទ្ធិផលតាមគម្រោងដូចជា៖ ការចាក់ដីនិងដាំស្មៅលើផ្ទៃដី ៧៩២០ម៉ែត្រក្រឡា, ការសាងសង់វេទិកា ១ខ្នងទំហំ៩៩.៥០ម៉ែត្រ ក្រឡា, ការរៀបចំក្រាលការ៉ូឡាទំហំ ១.៦០០ ម៉ែត្រក្រឡា និងរៀបចំប្រព័ន្ធលូ ទុយ៉ូទឹកស្អាត ព្រមទាំងការដាំដើម ឈើរបន្ថែម ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នោះដែរ ក៍ ការប្រកួត លក្ខណៈមិត្ដភាព រវាងសាលារាជធានីភ្នំពេញ និងមន្ទីរអប់រំ រាជធានី ដោយបញ្ចប់ នៃការប្រកួត ដោយ មន្ទីរអប់រំ រាជធានី រកគ្រាប់បាល់ បានដោយ ប៉េណាំងទី ៣ ទល់និង១ ( មន្ទីរអប់រំ ៣ សាលារាជធានី១ ) ៕
ដោយ៖ សំរិត