ខេត្តក្រចេះ៖ រថយន្តធុនធំ ដឹកទំនិញមួយគ្រឿងបានក្រឡាប់ឆេះយ៉ាងសន្ធោរសន្ធៅកាលពីវេលាម៉ោង២១និង៤០នាទី យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិក្បាលត្រាច ឃុំស្រែចាក ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ ជាអ្នកបើកបរក្នុងរថយន្តយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតជាព្រូ ត្រូវបានជួយសង្គ្រោះទាន់ពីប្រជាពលរដ្ឋ នាំគ្នាអូសចេញពីរថយន្ត ។
សមត្ថកិច្ចនគរបាលស្រុកស្នួលបានឲ្យដឹងថា រថយន្តបង្កហេតុក្រឡាប់ដោយខ្លួនឯងម៉ាកហ៊ុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-២៣៦៥ បើកបរដោយឈ្មោះ សួន គឹមសឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងរួមដំណើរជាមួយឈ្មោះ ឡូញ ឆើត ភេទប្រុស អាយុ២២ឆ្នាំ ជាព្រូរថយន្តរស់នៅភូមិព្រៃវាល ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកអធិការបានបន្តថា ដើម្បីសង្គ្រោះជនរងគ្រោះ និងពន្លត់រថយន្តបញ្ចៀសការរាលដាលទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ ភ្លាមៗនោះ ខាងកម្លាំងរបស់លោកបានសហការនឹងនគរបាលស្រុកមេមត់ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់រថយន្តអស់ចំនួន៨គ្រឿង ទើបរថយន្តជាស្ថាពរ ។ បច្ចុប្បន្ន រថយន្តបង្កហេតុ បានខូចខាតទាំងស្រុងជាមួយនឹងសម្ភារជាកៅ និងទុយយោ ក៏ឆេះខូចខាតអស់ទាំងស្រុង ហើយសមត្ថកិច្ចក៏បានទាញរថយន្តដាក់ទៅអែបនឹងខាងផ្លូវបណ្តោះអាសន្ន ដើម្បីសម្រួលចរាចរណ៍ ។ ចំណែកឯសាកសព ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
បើតាមការអះអាងពីព្រូឡានបានបញ្ជាក់ថា ពេលរថយន្តចុះចំណោតនោះ គឺបើកក្នុងល្បឿនលឿន ដោយសារយប់ស្ងាត់ ប៉ុន្តែពេលបន្ថយល្បឿនបែរជាដាក់លេខមិនចូល ក៏បណ្តាលឲ្យល្បឿនរថយន្តកាន់តែបន្ថែម និងរេចង្កូតក្រឡាប់ឆេះតែម្តង ៕
ដោយ៖ កោះទ្រុង