ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសទួរគីមកទល់ពេលនេះត្រូវបានគេសន្និដ្ឋានថាបរាជ័យ ក្រោយពេលពលរដ្ឋនាំគ្នាចេញទៅខាងក្រៅផ្លូវថ្នល់នាព្រឹកថ្ងៃទី១៦ខែកក្កដា តាមការអំពាវនាវរបស់ប្រធានាធិបតី Tayyip Erdogan។
ការធ្វើរដ្ឋប្រហារកាលពីយបថ្ងៃទី១៥ខែកក្កដា បណ្តាលឲ្យមានមនុស្ស៤២នាក់ស្លាប់ក្នុងទីក្រុង Ankara ។ តាមសារព័ត៌មានជាតិAnadolu បានផ្សាយថាៈ មានប៉ូលិសខាងរដ្ឋាភិបាល១៧នាក់ស្លាប់ ។ ក្រៅពីនេះនៅទីក្រុងអិស្តានប៊ូលក៏មានមនុស្សជាច្រើននាក់រងរបួសផងដែរ។
នៅពេលចាប់ផ្តើមធ្វើរដ្ឋប្រហារ ប្រធានាធិបតីErdogan កំពុងតែទៅសម្រាកកាយនៅឆ្នេរសមុទ្រ ក៏ត្រូវវិលត្រឡប់មកវិញភ្លាមៗនៅព្រឹកថ្ងៃទី១៦ខែកក្កដា ហើយបង្ហាញខ្លួនតាមទូរទស្សន៍និងអ្នកគាំទ្រនៅក្នុងអាកាសយានដ្ឋាន។ អាកាសយានដ្ឋាននោះក៏ជាទីកន្លែងដែលក្រុមទាហានធ្វើរដ្ឋប្រហារបរាជ័យក្នុងការគ្រប់គ្រង។ នៅក្នុងសន្និសីទកាសែត លោកប្រធានាធិបតីបានចាត់ទុកសកម្មភាពធ្វើរដ្ឋប្រហារគឺជាសកម្មភាពក្បត់ជាតិ ហើយអ្នកដែលចូលរួមនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអីដូហ្គានបានចាប់ខ្លួនមន្ត្រីយោធាមួយចំនួន ហើយបន្តតាមចាប់ខ្លួនមេបញ្ជាការកងទ័ពដែលចូលរួម នៅពីក្រោយការធ្វើរដ្ឋប្រហារ។ ស្នូរកាំភ្លើងជាច្រើនបានពន្លឺឡើងនៅក្នុងទីក្រុង អិស្តានបូល និងទីក្រុងអែនការ៉ានៅយប់ថ្ងៃទី១៥ខែកក្កដា ខណៈដែលទាហានចូលរួមធ្វើរដ្ឋប្រហារបានគ្រប់គ្រងទីតាំងសំខាន់ៗនៅក្នុងក្រុង ក្នុងនោះបានបញ្ជាឲ្យគ្រប់គ្រងស្ថានីទូរទស្សន៍ជាដើម។
ប៉ុន្តែពលរដ្ឋបានប្រឆាំងនិងច្បាប់អាជ្ញាសឹករបស់កម្លាំងទាហានធ្វើរដ្ឋប្រហារក៏បាននាំគ្នាដង្ហែក្បួននៅកណ្តាលក្រុងទប់ស្កាត់ការធ្វើរដ្ឋប្រហារ ពលរដ្ឋខ្លះទៀតបានដេករាំងផ្លូវរថក្រោះ ឆ្ពោះទៅមុខ។ ពលរដ្ឋទៅរារាំងការធ្វើរដ្ឋប្រហារនោះបាននិយាយថា «យើងមាននាយករដ្ឋមន្ត្រី មានប្រធានាធិតី មានមេបញ្ជាការ យើងមិនអនុញ្ញាត្តិឲ្យមានការធ្វើរដ្ឋប្រហារនោះឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី១៦ខែកក្កដា ទាហានប្រមាន៣០នាក់បានទម្លាក់កាំភ្លើងចុះចាញ់កម្លាំងរបស់រដ្ឋាភិបាល នឹងរាប់រយនាក់ត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី