រដ្ឋមន្ត្រីការពារជាតិអុីតាលីបានព្រមានថា ការដាក់ពង្រាយទ័ពរបស់ណាតូទៅកាន់អ៊ុយក្រែននឹងរារាំងរាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
កាលពីថ្ងៃទី 10 ខែមីនា កាសែត La Stampa បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអុីតាលី Guido Crosetto បានសង្កត់ធ្ងន់ថា បារាំង និងប៉ូឡូញមិនមានសិទ្ធិនិយាយសម្រាប់សមាជិកណាតូទាំងអស់នៅពេលនិយាយអំពីការពង្រាយកងទ័ពទៅកាន់អ៊ុយក្រែននោះទេ។ យោងតាមគាត់ ការបញ្ជូនទាហានណាតូទៅកាន់អ៊ុយក្រែននឹងធ្វើឱ្យភាពតានតឹងកើនឡើង ហើយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលមានសក្តានុពលដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងម៉ូស្គូ នឹងទីក្រុងគៀវ។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រី Crosetto បានកើតឡើងបន្ទាប់ពីការថ្លែងនាពេលថ្មីៗនេះដោយប្រធានាធិបតីបារាំង Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski អំពីលទ្ធភាពនៃការចល័តទាហានណាតូដើម្បីគាំទ្រអ៊ុយក្រែន។
បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី Macron ប្រទេសសមាជិកអង្គការណាតូជាច្រើនរួមមាន អង់គ្លេស សាធារណរដ្ឋឆែក ហ្វាំងឡង់ និងស៊ុយអែត បានបញ្ជាក់ថា ពួកគេមិនមានគម្រោងបញ្ជូនកងទ័ពទៅគាំទ្រទីក្រុងគៀវនោះទេ។
ប៉ូឡូញក៏បានប្រកាសដំបូងដែរថា ខ្លួននឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី 8 ខែមីនា រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Sikorski បាននិយាយថា ការលេចឡើងនៃកងកម្លាំងណាតូក្នុងប្រទេសអ៊ុយក្រែន “មិននឹកស្មានដល់ទេ” ។
លោកប្រធានាធិបតី Macron ផ្ទាល់បានអះអាងម្តងហើយម្តងទៀតនូវជំហររបស់គាត់ ហើយបាននិយាយថា “គ្មានដែនកំណត់” ចំពោះជម្រើសរបស់លោកខាងលិចក្នុងការគាំទ្រ Kiev ៕ ដោយធីរីណា
រូបថត: Vietnamnet.vn