ខ្សែប្រយុទ្ធអន្តរជាតិជប៉ុនTakuma Asanoមិនអាចទប់ទឹកភ្នែករបស់ខ្លួនបានទេនៅពេលបង្ហាញខ្លួនជាលើកចុងក្រោយនៅក្នុងក្រុម Sanfrecce Hiroshima មុនពេលផ្លាស់មកលេងនៅអង់គ្លេសចូលរួមក្រុមកាំភ្លើងធំ Arsenal ជាផ្លូវការ ។
ក្រោយប្រកួតស្មើក្រុម Yokohama Marinos ដោយលទ្ធផល ២-២ កីឡាករ Takuma Asano បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនទាំងទឹកភ្នែក ។ គាត់លេងឲ្យ ក្រុម Sanfrecce Hiroshima រយៈពេល៣ឆ្នាំ និងជួយក្រុមនេះឈ្នះជើងឯករបស់ជប៉ុន ចំនួន២សម័យ ។
ក្រុមកាំភ្លើងធំ Arsenal នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier League បាន សម្រេចនាំយកខ្សែប្រយុទ្ធជប៉ុន Takuma Asano ពីក្រុម Sanfrecce Hiroshima មក ពង្រឹងក្លិបខ្លួននៅរដូវកាលក្រោយដោយ តម្លៃខ្លួន៣លានផោន ។
លោក Wenger បាននិយាយថា “កីឡាករ Takuma Asano មានវ័យក្មេង ពោរពេញដោយទេពកោសល្យនឹងទទួល បានជោគជ័យច្រើននៅថ្ងៃអនាគត។ គាត់បានចាប់ផ្តើមអាជីពបាល់ទាត់យ៉ាងទាក់ទាញបំផុតនៅក្នុងប្រទេសជប៉ុន ហើយ សង្ឃឹមថាគាត់នឹងអភិវឌ្ឍខ្លួនឲ្យរីកចម្រើនកាន់តែខ្លាំងនៅក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត”។
Asano បានបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ជម្រើសជាតិជប៉ុនបាន៥ដងហើយដោយស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ពេលប៉ះក្រុមប៊ុលហ្គារីលផងដែរ។ រូបគេនឹងចូលរួមក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំទៅដណ្តើមមេដាយនៅក្នុងកម្មវិធីអូឡាំពិកនៅប្រទេប្រេស៊ីលខែក្រោយផងដែរ៕
ដោយ៖ ដេវីត