លោក Fernando Santos គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២០បន្ទាប់ពីជួយក្រុមព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ ២០១៦នៅក្នុងប្រទេសបារាំងរួចមក ។
គ្រូបង្វឹកវ័យ៦១ឆ្នាំនេះបានមកកាន់ តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងឆ្នាំ២០១៤ ហើយបានជួយក្រុមនេះឈ្នះជើងឯកធំបំផុតជាលើកដំបូងគឺជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ បើទោះបីជាគ្មានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo លេងពេញ៩០នាទីក៏ដោយ ។
យោងទៅតាមកិច្ចសន្យាថ្មីនេះលោក Fernando Santos នឹងដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ដណ្តើមជើង ឯកពិភពលោក World cup ឆ្នាំ២០១៨នៅ រុស្ស៊ី និងជើងឯកយូរ៉ូសាជាថ្មីម្តងទៀត។
សហព័ន្ធបាល់ទាត់នៃប្រទេសព័រទុយហ្គាល់ (FPF) បានចេញសេចក្តីថ្លែង ការណ៍មួយថា “កិច្ចសន្យាថ្មីរវាង (FPF)នឹងលោក Fernando Santos នឹងមាន សុពលភាពដល់ឆ្នាំ២០២០”។
គួរបញ្ជាក់ថា លោក Fernando Santosធ្លាប់មានបទពិសោធន៏ដឹកនាំក្រុមធំៗនៅក្នុងប្រទេស ព័រទុយហ្គាល់ជាច្រើនដូចជា Benfica, Sporting Lisbon និង Porto ហើយគាត់ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិក្រិក ផងដែរ ៕
ដោយ៖ ដេវីត