ខេត្តស្វាយរៀង: ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពល រដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តសង្ក្រាន្តស្វាយរៀង
មានចំនួនរហូតដល់ ៥៤ម៉ឺន៣ ៦៩៥នាក់។
យោងតាមលោកវ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងនាព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤នេះថា នៅក្នុងរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកម្សាន្ដនៅខេត្តស្វាយរៀង បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៥៤ម៉ឺននាក់។
នេះសបញ្ជាក់ឱ្យឃើញថា ខេត្តស្វាយរៀង មានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍ ម្យ៉ាងវិញទៀត នៅឆ្នាំនេះខេត្តស្វាយរៀង បានរៀបចំទីតាំងកម្សាន្ត ជាច្រើនកន្លែងនៅតាមក្រុង-ស្រុក។
លោក បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកម្សាន្តសប្បាយយ៉ាងអធិកអធម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៥២៧ ២០១នាក់ និងទេសចរបរទេស ១៦ ៤៩៤នាក់ សរុបចំនួន ៥៤៣ ៦៩៥នាក់ ស្រី ២៣៨ ២៩២នាក់។
លោកបានបញ្ជាក់បន្ថែមថា៖ ក្នុងរយៈពេល៤ ថ្ងៃកន្លង មកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយ រីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព ក្នុងកម្មវិធី សង្ក្រាន្ដស្វាយរៀងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕