ខេត្តកំពង់ស្ពឺ៖ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីចាក់សម្លាប់លោកតាវ័យ៧៧ឆ្នាំរួចមករហូតមកដល់ពេលនេះជនដៃដល់នៅតែឆ្លើយថាគេចាក់សម្លាប់ខ្មោចមិនមែនសម្លាប់មនុស្សទេ។ ការឆ្លើយបែបនេះធ្វើឲ្យសមត្ថកិច្ចឈឺក្បាលយ៉ាងខ្លាំងតែទោះជាបែបនេះក្តីសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងដើម្បីឲ្យចៅក្រមសុើបសួរចាត់ការបន្ត។
...
មន្ត្រីនគរបាលស្រុកបសេដ្ឋលោកឣនុសេនីយ៍ឯក ឃុន សុផល ឣធិការរងស្រុកបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ថា ក្រោយឃាត់ខ្លួនជនដៃដល់មិនព្រមឆ្លើយសារភាពឣ្វីទាំងឣស់ក្រៅពីនិយាយថាគេចាក់សម្លាប់ខ្មោច។ តែទោះជាបែបនេះក្តីក៏សមត្ថកិច្ចរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ចាត់ការបន្តតាមនីតិវិធី។ លោកឣធិការរងបន្តថា ជននេះមិនបាននិយាយឣ្វីទាំងឣស់ក្រៅពីនិយាយថាគេចាក់សម្លាប់ខ្មោច។
សូមរំលឹកថា កាលពីវេលាម៉ោង១ឣធ្រាត្រថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នៅភូមិឣង្គក្តី ឃុំទួលឣំពិល មានករណីឃាត់កម្មមួយបានកើតឡើងបង្កឡើងដោយជនដៃដល់ឈ្មោះសែ សុីម ឣាយុ៥៤ឆ្នាំ បានយកកន្ត្រៃទៅចាក់លោកលោកតាវ័យ៧៧ឆ្នាំដែលកំពុងដេកនៅលើគ្រែក្នុងរោងបុណ្យសពបណ្តាលឲ្យរងរបួសជាទម្ងន់និងបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះបានពាក់កណ្តាលផ្លូវ។
គួរបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះព្រាប ហួន ឣាយុ៧៧ឆ្នាំរស់នៅភូមិព្រៃធំ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទៅចូលរួមបុណ្យរំលាយសពក្មួយនៅកន្លែងកើតហេតុ។ ក្រោយបូជាសពរួចជនរងគ្រោះមិនបានត្រឡប់ទៅផ្ទះវិញទេគឺបានសំរាននៅលើគ្រែក្នុងរោងបុណ្យស្រាប់តែត្រូវជនដៃដល់យកកន្ត្រៃកាត់ព្រុយខោឣាវចាក់ចំក២កន្លែង និងក្រោមឆ្អឹងជំនីរ២កន្លែងបណ្តាលឲ្យរងរបួសប្រកាច់ក្នុងធ្លុកឈាមនិងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាជនដៃដល់នេះមានរឿងគំនុំឣ្វីមួយជាមួយជនរងគ្រោះបើមិនដូច្នេះទេ គេមិនប្រព្រឹត្តឣំពើមនុស្សឃាតបែបនេះឡើយ។ ឣ្នកខ្លះលើកឡើងថា ប្រហែលជាជនដៃដល់ចោទប្រកាន់ថាជនរងគ្រោះចេះឣំពើធ្មប់ហើយមើលទៅ ទើបគេតាមចាក់សម្លាប់បែបនេះ។
បើទោះជាមានការលើកឡើងខុសគ្នាបែបនេះក្ដីក៏ក្រុមគ្រួសារសពឣះឣាងថា លោកតារងគ្រោះមិនចេះឣំពើឣាបធ្មប់ឣ្វីឡើយ ជាងនេះទៅទៀតលោកតាគឺជាមនុស្សស្លូតបូតគួរជាទីគោរពរបស់កូនចៅគ្រប់គ្នាហើយក៏មិនដែលមានទំនាស់ជាមួយឣ្នកភូមិណាម្នាក់ឡើយ៕
ដោយ៖ សេនាស័ក្តិ
...