ខេត្តបន្ទាយមានជ័យ៖ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន តំណាងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំរុញឲ្យលោកចៅក្រម និងលោកព្រះរាជអាជ្ញាត្រូវរួមសហការសាមគ្គីរឹងមាំបំពេញបន្ថែមកែលំអរចំណុចខ្វះខាតនិងយោគយល់គ្នាទៅវិញទៅមកក្នុងតួនាទីភារកិច្ចបម្រើសេវាកម្មយុត្តិធម៌ជូនពលរដ្ឋឲ្យបានល្អ កុំប៉ែងជើងគ្នា ។
លោកបានលើកឡើងទៀតថា ការសហការគ្នានោះមិនមែនសហការសាមគ្គីឃុបឃិតគ្នាប្រព្រឹត្តអំពើខុសច្បាប់នោះទេ។ ត្រូវធ្វើយ៉ាងណាជំរុញ និងការយកចិត្តទុកដាក់ខ្ពស់ បម្រើសេវាកម្មយុត្តិធម៌ឲ្យបានត្រឹមត្រូវផ្អែកលើគោលការណ៍ច្បាប់។
ការថ្លែងខាងលើពីសំណាក់លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសកាន់មុខតំណែង ប្រធាន អនុប្រធានលេខាធិការដ្ឋានតុលាការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារព្រះចន្ទ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌បានប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានតុលាការខេត្តបន្ទាយមានជ័យ សរុបចំនួន ៦នាក់ ប្រធាន១រូប អនុប្រធាន៤រូប និងប្រធានការិយាល័យកិច្ចការតុលាការ១រូប។
លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើងថា លេខាធិការដ្ឋានតុលការគឺជាអង្គភាពថ្មីដែលក្រសួងយុត្តិធម៌ទើបង្កើតឡើងដើម្បីជាសេនាធិការជួយដល់ការងារស្ថាប័នអយ្យការនិងសាលាដំបូងគ្រប់គ្រងលើកិច្ចការងារ រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងបច្ចេកទេស ទាំងពីរស្ថាប័នអយ្យការ និងសាលាដំបូង ដើម្បីសម្រួលនិងបង្កើនប្រសិទ្ធភាពលើវិស័យយុត្តិអធម៌របស់តុលាការឲ្យមានការប្រសើរឡើង។ កន្លងមកក្នុងកិច្ចការងារតុលាការគឺមានការគ្រប់គ្រងខុសគ្នារវាងស្ថាប័នអយ្យការនិងសាលាដំបូង លើកិច្ចការងាររដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ដែលមាននាយកក្រឡាបញ្ជី២រូប ចែកកិច្ចការងារដាច់ដោយឡែកពីគ្នាជាអ្នកគ្រប់គ្រង។
លោកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ក៏បានណែនាំដល់អស់លោក លោកស្រី ជាប្រធាន អនុប្រធានលេខាធិការដ្ឋានថ្មី ត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីខ្ពស់ទៅលើកិច្ចការងាររបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពលើវិស័យយុត្តិធម៌កាន់តែល្អប្រសើរឡើង៕
ដោយ៖ សំ វិច្ឆិកា