នយោបាយប្រឆាំងភេរវកម្មរបស់ប្រធានាធិតី អូបាម៉ា អាចនឹងត្រូវបោះបង់ចោលប្រសិនបើបេក្ខភាពលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។ ផ្ទុយទៅវិញបើលោកស្រី ហ៊ីលឡារីគ្លីនតុន ជាប់ឆ្នោតនោះអ្វីៗគ្រប់យ៉ាងនឹងប្រសើឡើង ក្នុងនោះមានទាំងគោលនយោបាយប្រឆាំងភេរវកម្ម និងការគ្រប់គ្រងអាវុធដែលលោក អូបាម៉ាបានស្នើឡើងរហូតមកទល់ពេលនេះមិនទាន់អនុម័ត។
ការដឹកនាំរបស់លោក អូបាម៉ា នឹងត្រូវបិទបញ្ចប់នៅខែមករា ខាងមុខឆ្នាំ២០១៧ ដោយជំនួសវិញដោយលោកស្រី ហ៊ីលឡារីគ្លីនតុន ឬលោក ដូណាល់ត្រាំ អាស្រ័យទៅលើការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
គេបារម្ភថា ក្រុមភេរវជនអាចនឹងដណ្តើមយកក្រុងរ៉ាកា និងម៉ូស៊ូល មកវិញ មុនពេលលោក អូបាម៉ា បញ្ចប់អាណត្តិទៅទៀត។ ទោះយ៉ាងណាក៏ប្រទេសធំៗដូចអាមេរិក រឺក៏បារាំង នៅតែប្រកាន់ជំហរពង្រឹងសន្តិសុខខ្ពស់ ទាំងនៅសមរភូមិទាំងក្នុងទឹកដីជាតិខ្លួនផ្ទាល់។ បើបក្សប្រឆាំងសាធារណរដ្ឋឈ្នះឆ្នោតនៅពេលខាងមុខ រដ្ឋាភិបាលអាមេរិកថ្មីក៏ប្រហែលជានៅប្រកាន់ជំហរប្រឆាំងភេរវកម្មខ្ពស់ដែរ ព្រោះអាមេរិកក៏ជាផ្ទាំងស៊ីបធំនៃការវាយប្រហាររបស់ក្រុមភេរវជនដែរ។
ពេលនេះអាមេរិកកំពុងខិតទៅជិតរុស្ស៊ីក្នុងយុទ្ធនាការកម្ទេចក្រុមរដ្ឋអ៊ិស្លាម នៅស៊ីរី ។ ប្រមុខការទូត ចន ឃែររី ទើបនឹងមកពីទស្សនកិច្ចនៅរុស្ស៊ី។ លោកសុំមិនប្រកាសនូវវិធានការសហការគ្នារវាងរុស្ស៊ីនិងអាមេរិក ព្រោះដើម្បីកុំឲ្យបែកការណ៍ដើម្បីអាចបន្តកម្ទេចក្រុមជីហាត កុំឲ្យពួកនេះដឹងផែនការមុន។
ជាមួយគ្នានេះក្រុមភេរវករអាចប្រើប្រាស់ទឹកដីលីប៊ី ធ្វើជាទីតាំងថ្មីក្រោយពេលដែលទីតាំងចាស់រងការវាយប្រហារពីអាមេរិកនិងរុស្ស៊ី ។ នៅទីនោះក្រុមជីហាតរដ្ឋអ៊ិស្លាមអាចនឹងបាត់បង់ទីតាំងដ៏ធំរបស់ខ្លួននៅភាគខាងជើងលីប៊ី ឈ្មោះថា សៀរត៍ ។ ទាហ៊ានលីប៊ី កំពុងប្រយុទ្ធបំបែកទីតាំងនេះ។ តែបើចាញ់សង្គ្រាមក្រុមជីហាតអាចនឹងបំបែកសកម្មជនខ្លួនឲ្យទៅរាយប៉ាយជាក្រុមតូចៗ នៅកន្លែងផ្សេងៗទៀតនៅលីប៊ី រឺក៏នៅប្រទេសជិតខាងលីប៊ី ក្នុងដែនដីអាហ្វ្រិកខាងជើង។ នេះជាអ្វីដែលលោក បាន គីមូន ជាប្រធានអង្គការសហប្រជាជាតិបារម្ភជាងគេ។
នៅទីនោះក្រុមជីហាតរដ្ឋអ៊ិស្លាមមានកូនទាហ៊ានពី ២.០០០ ទៅ ៥.០០០នាក់ជាសកម្មជនមកពីច្រើនប្រទេសក្នុងតំបន់។ មានមកពីម៉ាលី ម៉ូរីតានី ម៉ារ៉ុក រឺក៏អេហ្ស៊ីបជាដើម។ ក្រុមជីហាតមានវត្តមាននៅសៀរត៍ នៅទីក្រុងទ្រីប៉ូលី និងនៅឌែរណា។ ដូច្នេះបើពួកនេះចាញ់សមរភូមិ ហើយទៅរាយប៉ាយជាក្រុមតូចៗតាមតំបន់ផ្សេងៗ វារឹតតែបង្កគ្រោះថ្នាក់ថែមទៀត។
ដោយសារយុទ្ធសាស្ត្រវាយប្រហារថ្មី ផ្តោតលើអាវុធសាមញ្ញៗដូចជាដុំថ្ម រឺកាំបិតផ្គាក់ ទាហ៊ានជីហាតតូចៗទាំងនេះចង់វាយប្រហារពេលណានៅទីណាក៏បាន។ ទុយនីស៊ី កំពុងបារម្ភព្រោះថា ក្នុងចំណោមសកម្មជនជីហាតនៅលីប៊ី មានជនជាតិទុយនីស៊ីជាង១០នាក់ បានត្រលប់ចូលទឹកដីទុយនីស៊ីវិញហើយ។ កូនទាហ៊ានជីហាតទាំងនេះគ្រោងបង្កភេរវកម្មក្នុងស្រុកទេសខ្លួន។
នៅអាហ្វ្រិកវិញក៏មានវត្តមានក្រុមអាល់កៃដា នៅតំបន់ម៉ាហ្ក្រេប កំពុងធ្វើសកម្មភាពនៅម៉ាលី និងតំបន់សាហែលដែរ ហើយពួកនេះកំពុងជ្រកកោននៅលីប៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី