ភ្នំពេញ៖ ជនសង្ស័យ៣ ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានកម្លាំងជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងបុ៉ស្តិ៍រដ្ឋបាលចោមចៅ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលតាមស្រាវជ្រាវអស់រយៈពេលជាយូទើបឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះជនល្មើស ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក នៅតាមផ្លូវQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យនិងបក្ខពួក បើកឆាកប្រយុទ្ធ កាប់ប្រហារ ផ្តាច់យកជីវិត យុវជនម្នាក់ ស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់និងបក្ខពួក រត់គេចខ្លួន អស់រយះពេល ១ខែ។ រហូតមកដល់ រសៀលថ្ងៃទី២១ ខែកក្កដា នេះ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅ រួមសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាល តាមស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់បាន៣នាក់ជាបន្តបន្ទាប់ ។
ជនដៃដល់ទាំង៣នាក់ ដែលកម្លាំងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាបបាន -ទី១ ឈ្មោះ ហុង សុ៊នអីុ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២១ ខែកក្កដា នាំខ្លួនទៅសាកសួរ និងបន្តស្វែងតាមចាប់បាន ជនសង្ស័យ -ទី២ ឈ្មោះ នឿន មករា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ។ ហើយកម្លាំងនគរបាល បន្តទៅចាប់ បាន ជនដៃដល់-ទី៣ ម្នាក់ទៀត ឈ្មោះ សៅ វត្តី ហៅ បុិ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកកាន់ដាវ ពេលកាប់ប្រហារ គូរបក្ខដិបក្ខ មានទីលំនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ។
ចំណែកជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់ស្លាប់ នាយប់ថ្ងៃកើតហេតុ មានឈ្មោះ ជឿន សាម៉ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។
លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ក្មេងស្ទាវ២ក្រុម ប្រដាប់ដោយដាវសាំមូ៉រ៉ៃ មួយក្រុមគ្នា៤នាក់ ចំណែកមួយក្រុមទៀតមានគ្នា៧នាក់ បើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យភាគីខាងគ្នា៤នាក់ ម្នាក់ត្រូវជនដៃដល់កាប់ ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ហើយក្រុមដៃដល់នាំគ្នារត់គេចខ្លួនបាត់អស់ ហើយកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនជនដៃដល់ និងបក្ខពួក កំពុងបន្តតាមចាប់ទៀត ។
តាមចម្លើយសារភាព ពីជនសង្ស័យ ឈ្មោះ ហុង សុ៊នអុី បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ភាគីខាងគ្នា៤នាក់ ប្រដាប់ដោយដាវ និងច្រវ៉ាក់ មកវាយ កាប់ពួកខ្លួនមានគ្នាសរុប៧នាក់ រហូតដល់តដៃវិញ បណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែង រួចនាំគ្នារត់គេចខ្លួន អស់រយះពេល៣៨ថ្ងៃ មកដល់ចាប់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលនាំខ្លួន យកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី និងបន្តតាមចាប់បក្ខពួកដែលសេសសល់យកមកផ្តន់ទាទោសតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ