ខេត្តក្រចេះ៖ រថយន្តដឹកឈើមួយគ្រឿង ត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះ សម្រេចដោះលេងទៅវិញស្ងាត់ៗ ក្រោយចាប់ឃាត់ទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារបាន១យប់ ។ ចំណែកមន្ត្រីអាវុធហត្ថក្រុងក្រចេះ ដែលជាអ្នកចាប់បង្ក្រាប បានសម្តែងការហួសចិត្ត ក្រោយពីមេព្រៃដោះលេងឡានដឹកឈើ១គ្រឿងនេះ ។
យ៉ាងណាក៏ដោយ ក្រោយពីមានការដោះលែងរថយន្តដឹកឈើមួយគ្រឿងនេះ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះ កាលពីល្ងាចថ្ងៃទី២០ខែកក្កដា បានធ្វើឱ្យមជ្ឈដ្ឋាននានា នៅក្នុងក្រុងក្រចេះ បានសម្តែងការហួសចិត្ត ទៅនឹងទង្វើររបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដោយពួកគាត់លើកឡើងថា ការដោះលែងនេះ អាចពាក់ព័ន្ធទៅនឹងផលប្រយោជន៍ប្រចាំថ្ងៃរបស់ពួកគាត់ ហើយពួកគាត់ទាមទារឱ្យមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយត្រូវចុះ អង្កេតស្រាវជ្រាវ។
មន្ត្រីអាវុធហត្ថក្រុងក្រចេះបានឱ្យដឹងថា រថយន្តម៉ាកអ៊ីយ៉ាន់ដាយ ពណ៍ខៀវចំណុះ៥តោន ពាក់ស្លាកលេខ កំពង់ចាម3A 0403 មានផ្ទុកឈើអារសុក្រំ ជាប្រភេទឈើលេខ១ កែច្នៃ ពេញរថយន្ត ត្រូវបានកម្លាំងរបស់លោក ស្ទាក់ចាប់បាន នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ កាលពីល្ងាចថ្ងៃទី ១៩ខែកក្កដា និងបានប្រគល់ទៅឱ្យមន្ត្រីជំនាញ ដើម្បីបន្តនីតិវិធី ។
លោកថាៈ ខាងលោកអស់ទឹកចិត្តក្នុងការចុះបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ពេលខ្លះលោកស្ទាក់ចាប់បានហើយនោះ និងបានរាយការទៅមន្រីជំនាញ មកទទួលយកធ្វើបែបបទ តាមច្បាប់រដ្ឋបាលព្រៃឈើ តែបែរជាមន្រ្តីជំនាញទាំងនោះបានពន្យាពេលរាប់ម៉ោងទម្រាំចុះ មកយករថយន្តដឹកឈើនោះទៅរក្សាទុក ។
លោកថា ជាក់ស្តែងគឺរថយន្តដឹកឈើមួយគ្រឿង ម៉ាកអ៊ីយ៉ាន់ដាយ ពណ៍ខៀវចំណុះ៥តោន ពាក់ស្លាកលេខ កំពង់ចាម3A 0403 គឺកម្លាំងអាវុធហត្ថក្រុង ចាប់ឃាត់បាននៅវេលា ម៉ោង៤និង៣០នាទីរសៀល តែមន្ត្រីរដ្ឋបាលព្រៃឈើបានពន្យាពេល តែរហូតដល់ម៉ោងជិត៦ល្ងាច ថ្ងៃទី១៩ខែកក្កដា ទើបឃើញវត្តមាន លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែចុះមកទទួល យកទៅរក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារ ក្នុងស្រុកចិត្របុរី តែឃាត់ទុកបានតែ១យប់ ត្រូវមេព្រៃដោះលែងវិញបាត់ ។
បើតាមស្ត្រីជាម្ចាស់ឈើ បាននិយាយឱ្យដឹង គ្រាដែលសមត្ថកិច្ចចាប់បង្ក្រាបរថយន្តរបស់គាត់ដោយលើកឡើងថា នៅពេលដែលគាត់ដឹកជញ្ជូនម្តងៗ គឺគាត់មិនដែលរំលងអ្នកណានោះទេ គឺគាត់បង់លុយឱ្យទាំងអស់ ក្នុងនោះស្ត្រី រូបនេះ បាននិយាយដោយសង្កត់ធ្ងន់ថា សម្រាប់លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ គឺគាត់បង់ឱ្យ៤ម៉ឺនរៀល ក្នុងមួយជើង ក្នុងនោះក៏មានស្ថាប័នច្រើនទៀតផងដែរ ។
ដោយឡែកពលរដ្ឋនៅក្នុងក្រុងក្រចេះ បាននិយាយថា ការដែលចាប់ឃាត់រថយន្តដឹកឈើម្តងៗ គឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើទាំងនោះ គាត់មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារការចាប់បង្ក្រាបនេះ អាចបាត់បង់ផលប្រយោជន៍ ប្រចាំថ្ងៃរបស់ពួកកាត់ ។ ពលរដ្ឋបានអះអាងថា ពេលខ្លះពលរដ្ឋបានប្រទះឃើញ ពីសកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត ហើយបានតេតាមទូរស័ព្ទរាយការណ៍ទៅឱ្យមន្ត្រីជំនាញ តែបែរជាមន្ត្រីជំនាញទាំងនោះ ឆ្លើយថា ចាប់ប្រជុំឬរវល់ ពេលខ្លះឆ្លើយថា មិនមានអ្នកណានៅកន្លែង ។
ពាក់ពន្ឋនិងការណីខាងលើ់នេះ នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោក ប៊ួយ រតនា បានឱ្យដឹងថា រថយន្តដឹកឈើអារលេខ១សុក្រំ កែច្នៃនេះ គឺមានច្បាប់ដឹកជញ្ជូនត្រឹមត្រូវចេញពីសិប្បកម្មនៅក្នុងឃុំរលួស ស្រុកសំបូរ ហើយលោកក៏ស្រេចដោះលេងទៅវិញ ហើយការដោះលេងនេះ លោកក៏បានសុំយោបល់ពីព្រះរាជអាជ្ញាដែរ និងបានធ្វើឯកសាររួមមួយទៀតផង ។
យ៉ាងណាក៏ដោយ ពលរដ្ឋបាននិយាយថា រាល់លើកក្នុងការចាប់បង្ក្រាបរថយន្តដឹកឈើម្តងៗ រថយន្តដឹកឈើនោះ គឺបានយកទៅរក្សារទុកបណ្តោះអាសន្ន ចំណែកច្បាប់ដឹកជញ្ជូនឈើស្របច្បាប់នឹងចេញមកតាមក្រោយ ទោះបីជាច្បាប់នោះ ម្ចាស់ឈើបានយកចេញពីទីតាំងណាក៏ដោយ គឺមន្ត្រីរដ្ឋបាលព្រៃឈើតែងអះអាងថា គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ដោយឡែកប្រភពបានឱ្យដឹងថា ទីតាំងសិប្បកម្មភាគច្រើន នៅក្នុងឃុំរលួស ស្រុកសំបូរ ដែលកំពុងតែធ្វើអាជីវកម្មសព្វថ្ងៃនេះ ភាគច្រើនគឺមិនមានច្បាប់ទម្លាប់នោះទេ ចំណែកអ្នកដឹកជញ្ជូន ក៍៏ដូចជាជំនាញរដ្ឋបាលព្រៃឈើ តែនិយាយថា ច្បាប់សិប្បកម្មនិងច្បាប់ដឹកជញ្ជូន គឺត្រឹមត្រូវទាំងអស់ ៕
ដោយ៖ កោះទ្រុង