ភ្នំពេញ៖ កម្លាំងចម្រុះរបស់សាលាខណ្ឌចំការមនដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងនោះបានចុះអនុវត្តសាលក្រមរឹបអូសផ្ទះល្វែងសង់ផ្ទាល់ដីមួយកន្លែងស្ថិតនៅផ្ទះលេខ៨៥៥ ផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២៧១ ក្រុម៤៤ ភូមិ៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ រាជធានីភ្នំពេញកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីម្ចាស់ផ្ទះជំពាក់បំណុលធនាគារគ្មានលទ្ធភាពសង ។
ការអនុវត្តសាលក្រមរឹបអូសផ្ទះចំណុចខាងលើនេះត្រូវបានគេដឹងថាគឺធ្វើឡើង ធ្វើឡើងតាមអំណាចសាលក្រមលេខ ៣២៦ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដែលចេញដោយលោក ផៃ វីរៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងជាការអនុវត្តលើកទី៣ បន្ទាប់ពីម្ចាស់ផ្ទះឈ្មោះ ឌុក ញ៉ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅផ្ទះខាងលើបានខ្ចីលុយធនាគារ Anz Royal ៣ម៉ឺនដុល្លារ អស់រយៈពេលច្រើនឆ្នាំ ប៉ុន្តែគ្មានលុយសងនិងបានពន្យាពេល២ដងរួចមកហើយ នៅតែម្ចាស់ផ្ទះគ្មានលទ្ធភាពដោះបំណុល ទើបស្ថាប័នតុលាការអនុវត្តតាមនីតិវិធី ។
លោក ឌុក ញ៉ បានឲ្យដឹងថា ការអនុវត្តសាលសាលក្រមតុលាការនេះ ធ្វើឡើងហាក់ដូចគ្មានយុត្តិធម៌ ខណៈដែលផ្ទះរបស់លោក មានតម្លៃដល់ទៅជាង២០ម៉ឺនដុល្លារ ប៉ុន្តែបែរជាធនាគារឲ្យតម្លៃតែ១០១.០៦០ដុល្លារប៉ុណ្ណោះ។ ទោះយ៉ាងណាលោក ឌុក ញ៉ ពោលទាំងទឹកមុខស្រពោនថាលោកមិនបន្តរឿងក្តីនេះទៀតទេ ព្រោះលោកអត់លទ្ធភាពក្នុងការតតាំង និងសុខចិត្តធ្វើតាមសាលក្រមរបស់តុលាការ ព្រមទាំងសុខចិត្តរើអីវ៉ាន់ទៅរស់នៅកន្លែងផ្សេងតាមយថាកម្មទៅចុះ ៕ស រស្មី