តំណាងអយ្យការខេត្តកំពង់ស្ពឺ ចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួកចំនួន ៦ បទល្មើស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ តំណាងអយ្យការខេត្តកំពង់ស្ពឺ ចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួក បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើ «បទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមខែមេសា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សាយព័ត៌មានមិនពិត ក្នុងការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូតិ៍ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងចៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មាន ទាំងអស់ជ្រាបថា៖ ដោយទទួលព័ត៌មានមិនពិតមួយ តាមបណ្តាញសង្គមហ្វេសបុក (Facebook) និង សារព័ត៌មាន មួយចំនួន ពាក់ព័ន្ធទៅលើឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន ៦០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូតិ៍ចុះ (ទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ ក្នុងមួយឡូតិ៍) និងតម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ (បួនរយហាសិប)ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី ជាអាទិ៍។
បានទទួលដំណឹង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកកិច្ចស៊ើបអង្កេតភ្លាម ជាលទ្ធផលដីកើតហេតុខាងលើ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនុចនិយាមកា (៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។ ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថាខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ។
ការនាំខ្លួន និងសាកសួរទៅលើឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ មិន ផាន្នី ហៅ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ រកឃើញបក្ខពួកជាច្រើនរូប បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។
លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការ ផ្តើមការចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ និង បក្ខពួក បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើ បទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងព្នៅ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមខែមេសា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ២៧, មាត្រា ២៩, មាត្រា ៣៧៧, មាត្រា ៣៧៨, មាត្រា៤៩៤, មាត្រា៤៩៥, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងតាមបញ្ញត្តិ មាត្រា ៥៦ ចំណុចទី៤ និងមាត្រា ៦២ ចំណុចទី១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ជូនព័ត៌មានសាធារណៈជនជ្រាបថា ករណីខាងលើអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ក្នុងការបង្កា ទប់ស្កាត់ មិនឱ្យមានការទន្ទ្រានកាន់កាប់ដី ដែលជាទ្រព្យសម្បត្តិសាធារណៈ និងបន្តស្វែងរកជនល្មើសមកអនុវត្តច្បាប់ឱ្យខានតែបាន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សង្កេតឃើញសារព័ត៌មានមួយចំនួន នៅតែបន្តការផ្សាយ ព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុនការចុះផ្សាយព័ត៌មាន គប្បីសាកសួរអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ជៀសវាងការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print