ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សារលិខិតរំលែកមរណទុក្ខ
ផ្ញើជូន
ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ទាំងអស់ ក្រុមគ្រួសារយោធិនពលីទាំងអស់ ជាទីរាប់អាន!
ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាពរបស់ យោធិនពលីទាំងអស់ ដែលត្រូវជាសាច់ញាតិ បានទទួលមរណភាពដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធ ភូមិភាគទី៣ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈកំពុងបំពេញការងារ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយក្រុមគ្រួសារយោធិនពលីទាំងអស់ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវសាច់ញាតិ ដែលបានពលិកម្មរបស់ពួកគាត់ចំពោះជាតិ មាតុភូមិ និងជាទី គោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ។
ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់យោធិនពលីទាំងអស់ បានទៅកាន់ឋានបរមសុខក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមជូនពរដល់យោធិនរងរបួស និងជនរងក្នុងឧបទ្ទវហេតុនេះទាំងអស់ ដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ សូមឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរ ឡើងវិញ ដើម្បីបន្តបំពេញការងាររបស់ខ្លួន បានជាឧត្តមប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល ក៏ដូចជាបានជួបជុំក្រុមគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន កុំបីខានឡើយ។
សូម ក្រុមគ្រួសារយោធិនពលី និងជនរងគ្រោះទាំងអស់ ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕