ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បែកក្បាល ចំណែកបងស្រីម្នាក់ទៀតរងរបួសដៃស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីរើអុីវ៉ាន់ ពីកន្លែងលក់ដូរ ដឹកតាមរុឺម៉កម៉ូតូវិលទៅផ្ទះ ត្រូវបានរថយន្តធុនធំបើកបុកពីក្រោយ ធ្លាក់ជនរងគ្រោះពីលើម៉ូតូ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤.នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ឡាយ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់មីឆា ចំណែកបងស្រីរងរបួសស្រាល ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិផ្លែត ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន រើអុីវ៉ាន់ ពីកន្លែងលក់ដូរ ដាក់រុឺម៉ក ដឹកវិលទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំបើកពីត្បូងទៅជើង បុកពីក្រោយរុឺម៉កម៉ូតូ ធ្វើឱ្យជនរងគ្រោះធ្លាក់ពីម៉ូតូ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រថយន្តបង្កបើករត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរុឺម៉កម៉ូតូ ក្រុមគ្រួសារយកទៅផ្ទះដោយខ្លួនឯង ៕ដោយ៖សុខាសែនជ័យ