ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នឹងផ្ដល់អទិភាពខ្ពស់ចំពោះវិស័យចំនួន៥រួមមាន វិស័យកែច្នៃកសិផលដូចជា អង្ករ ស្វាយចន្ទី ម្រេចនិងគ្រឿងទេស, ម្ហូបអាហារកែច្នៃ, គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស, វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ។
តាមសេចក្ដីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ៖ ក្រសួងនឹងបន្តដឹកនាំ ប្រតិភូពាណិជ្ជកម្មទៅរៀបចំនិងចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើក ទី៧ «The 7th China International Import Expo (CIIE)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ក្នុងពិភពលោក ជាមួយប្រទេសចិន។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងបន្ថែមទៀតថា ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនេះ ក្រសួងស្នើដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិ ត្រូវរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។ ក្នុងការចូលរួមនេះ ក្រសួងនឹងមានរៀបចំពន្លាជាតិមួយ ស្តង់ពាណិជ្ជកម្ម និងរៀបចំកម្មវិធីអមមួយចំនួន។
ទន្ទឹមនឹងនេះ ក្រសួង នឹងផ្តល់អាទិភាពខ្ពស់ដល់ធុរកិច្ចក្នុងវិស័យកែច្នៃកសិផលដូចជាអង្គរ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី៕