អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយមានកិច្ចសហការពីមន្ត្រីជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀន ជូនដល់មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ នៅវិមានរដ្ឋសភា ។

ការធ្វើតេស្តរហ័សរកសារធាតុញៀននេះ គឺសម្រាប់ ទីប្រឹក្សា និងជំនួយការរដ្ឋសភាគ្រប់រូប ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយចាប់ផ្ដើមពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅពេលព្រឹកចាប់ពីម៉ោង៨:៣០នាទី ដល់ម៉ោង១១:៣០នាទី ពេលរសៀលចាប់ពីម៉ោង១៤:០០នាទី ដល់ម៉ោង១៧:៣០នាទី។

សូមជម្រាបថា ការធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់មន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌ នៃការអនុវត្តបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅ មានក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងលើ ដោយបានធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបានចំនួន ៥៦.៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកមូត្រ មានចំនួន ៧៦រូប ដែលមន្ត្រីទាំង៧៦រូបនោះ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ និងបានបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទាឡើងវិញ ផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print