ភ្នំពេញ៖ ទីបំផុតកីឡាករ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០និង ម៉ន វ៉ាន្នី អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោករកបានម្នាក់៣ពិន្ទុដូចគ្នាក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងកម្មវិធីជើង ឯក TV5 Knock Out វគ្គជម្រុះសន្សំពិន្ទុនៅ លើសង្វៀន TIFFY Arena ។
ចំពោះការប្រកួតនេះ កីឡាករ រិទ្ធ ប្រាក់ប៊ិន បានវាយឈ្នះកីឡាករ សេក មេសា មកពីក្លិប អង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ខណៈដែល កីឡាករម៉ន វ៉ាន្នី អ្នកប្រដាល់ក្លិបការិយា ល័យទី៥កងទ័ពជើងគោកវាយឈ្នះកីឡា ករ រៀវ ចំណាប់ មកពីក្លិបមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទដោយពិន្ទុ។ ដូច្នេះ រិទ្ធ ប្រាក់ប៊ិន និងម៉ន វ៉ាន្នីបានឆ្លងផុត វគ្គជម្រុះដំណាក់កាលទី១រង់ចាំប្រកួតវគ្គ១៦នាក់បន្តទៀត ។ ដោយឡែកកីឡាករសេក មេសា និងរៀវ ចំណាប់ ត្រូវហាលខោអាវ ត្រឡប់ទៅផ្ទះវិញ ។
គួរបញ្ជាក់ថា មកដល់ពេលនេះការប្រកួត វគ្គជម្រុះដំណាក់កាលទី១វគ្គ៣២នាក់ចំនួនសប្តាហ៍ទី៤កន្លងទៅគណៈកម្មការរៀបចំការប្រកួតរកបានកីឡាករជើងខ្លាំងសម្រាប់ឡើងទៅប្រកួតដំណាក់កាលទី២នៃកម្មវិធីជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាម នេះបាន៨នាក់ហើយ គឺកីឡាករឆន ចន្នី ក្លិប រស្មីភូមិគាបខេត្តបន្ទាយមានជ័យ, យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ, ស្រៀង ទិតធិ ក្លិបសម្បត្តិគុនខ្មែរ, ផាត សូដា ក្លិប អេភូថងកីឡា, ហេង ពន្លឺ ក្លិបពន្លឺសាមគ្គី ខេត្តបាត់ដំបង, ឈុន បញ្ញា ក្លិបរ៉ាហាប់ ស្វាយប៉ាក, រិទ្ធ ប្រាក់ប៊ិន ក្លិបកងពល តូចលេខ៧០ និង ម៉ន វ៉ាន្នី ក្លិបការិយា ល័យទី៥កងទ័ពជើងគោក។ ជាមួយគ្នា នោះដែរ កីឡាករ ជឹម ដារ៉ា មកពីក្លិប សាលវ័ន្តកីឡាបានយកឈ្នះ ជ័យ ស៊ីនេតមកពីក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។
រីឯចាន់ រក្សា មកពីក្លិបអេភូថងកីឡា បានប្រកួតស្មើជាមួយ ឆាយ មាសមកពីក្លិបសំរោងកោងខេត្តបាត់ដំបងក្នុងនាមជាគូ ពិសេសមិត្តភាពកាលពីល្ងាចថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៦កន្លងទៅ ៕
ដោយ៖ សារីម