លោក Brendan Rodgers គ្រូបង្វឹករបស់ ក្រុម Celtic បានសម្រេចចិត្តនាំយកខ្សែការ ពារជើងចាស់ Kolo Toure ពីក្រុមហង្ស ក្រហម liverpool របស់ប្រទេសអង់គ្លេស មកកាន់ស្កុតឡេនដើម្បីពង្រឹងក្រុម ។
ខ្សែការពារវ័យ៣៥ឆ្នាំរូបនេះបានមក ពិនិត្យសុខភាពនិងបានឈរមើលក្រុម Celtic ប្រកួតមិត្តភាពជាមួយនឹងក្រុម Leicester City ម្ចាស់ជើងឯកប្រទេសអង់ គ្លេសដោយលទ្ធផល ១-១ ។
លោកBrendan Rodgersដែលជាអតីតគ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool ដែរនោះបានថ្លែងថា “គាត់នឹងជាកីឡាករអស្ចារ្យមួយរូបរបស់យើង ។ ខ្ញុំគឺជាអ្នកនាំ គាត់ទៅកាន់ Liverpool ហើយអ្នកបាន ឃើញហើយការខិតខំរបស់គាត់ ។ គាត់គឺជាខ្សែការពារកណ្តាលសំខាន់មួយរូបកាលពីរដូវកាលចាស់ពិសេសនៅក្នុងក្របខ័ណ្ឌEuropa League ។ គាត់នៅមានទម្រង់លេង ល្អហើយនឹងដើរតួសំខាន់សម្រាប់យើង ទទួលបានជោគជ័យ” ។
ចំណែកកីឡាករសញ្ជាតិកូដឌីវ័រ Kolo Toure បាននិយាយប្រាប់ Sky Sports ថា “ខ្ញុំ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត ប្រជែងថ្មី ។ ខ្ញុំមកកាន់ទីនេះគឺដើម្បីជួយក្រុមឲ្យបានច្រើនតាមដែលអាចធ្វើបាន។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺការលេងនៅក្នុងក្របខ័ណ្ឌ Champions League” ។
គួររំលឹកថា Kolo Toureធ្លាប់ជួយក្រុមជម្រើសជាតិរបស់គាត់ឈ្នះជើងឯកពាន រង្វាន់ទ្វីបអាហ្រ្វិកកាលពីឆ្នាំ២០១៥ ហើយ ឈ្នះជើងឯកអង់គ្លេស Premier League និង FA Cup ជាមួយនឹងក្រុម Arsenal មុន ពេលផ្លាស់ទៅកាន់ក្រុម Manchester City នៅក្នុងឆ្នាំ២០០៩ ៕
ដោយ៖ ដេវីត