ខេត្តឧត្ដរមានជ័យ៖ កូនរបស់មន្រ្ដីប្រដាប់ អាវុធប្រចាំទិសស្រុកអន្លង់វែង៣រូបដែលគេល្បីថាជាឈ្មួញប្រមូលទិញឈើគ្រញូងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទដោយអាង អំណាចឪពុកមិនខ្លាចសមត្ថកិច្ចបានបង្កទំនាស់ថ្មីទៀតនៅស្រុកអន្លង់វែង ។
ជាក់ស្ដែងនៅយប់ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៦មន្ត្រីជុំនាញរដ្ឋបាលព្រៃឈើ បានសហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យស្ទាក់ចាប់បានម៉ូតូដឹកឈើគ្រញូងមួយគឿងដែលមានផ្ទុកឈើ គ្រញូង៤ដុំជារបស់កូនលោកជិនអេងដែលជាមន្រ្តីប្រដាប់អាវុធប្រចាំទិសស្រុកអន្លង់វែង។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីពួកគាត់បានឃាត់ម៉ូតូ រួចរឹបអូសយកឈើ គ្រញូងស្រាប់តែកូនលោកជិនអេងនាំបក្ខ ពួកជាច្រើននាក់គំរាមសម្លាប់សមត្ថកិច្ចដោយមានដាវសាមូរ៉ៃនិងដុំថ្មតែសំណាងល្អសមត្ថកិច្ច រំដោះខ្លួនបានទាន់ពេល ។
សមត្ថកិច្ចបានបន្តថាកូនមន្រ្តីខាងលើជាឈ្មួញរកស៊ីឈើគ្រញូងដុះស្លែដែលបានកៀរគរពលករឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងដឹកដីថៃយ៉ាងសកម្មហើយបានធ្វើសកម្មភាពដឹកជញ្ជូនឥតឈប់ឈរក្នុងមួយថ្ងៃយ៉ាងតិចក៏ជាងមួយតោនដែរដោយមិនខ្លាចញញើតសមត្ថកិច្ចណាទាំងអស់ ។
ក្រោយពីសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួចនឹងដាក់ពាក្យបណ្ដឹងកសាងសំណុំរឿងដើម្បីចាត់ការជនដែលជាប់ពាក់ព័ន្ធបន្តទៀត ៕
ដោយ៖ ប៉ែននួន