ខេត្តស្វាយរៀងៈ ប្រព័ន្ធធារាសាស្ត្រកីចក គឺជាប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០.០០០ ហិកតា ក្នុងស្រុកក្រុង ចំនួន ០៦ របស់ខេត្តស្វាយរៀង គឺស្រុករមាសហែក រំដួល ស្វាយទាប កំពង់រោទ៍ ចន្ទ្រា ក្រុងស្វាយរៀង និងក្រុងបាវិត ។ ដោយសារតែវិសាលភាពនៃគម្រោង គ្របដណ្តប់លើផ្ទៃដីធំទូលំទូលាយបែបនេះហើយ ទើបការអនុវត្តគម្រោងនេះ ត្រូវប្រព្រឹត្តទៅជាជំហានៗ ។
ចាប់ពីឆ្នាំ ២០១១ ដល់ ឆ្នាំ ២០១៥ ការអនុវត្តគម្រោងជំហានទី ១ ដល់ទី ៥ ត្រូវបានបញ្ចប់ជាស្ថាពរ ។ សមិទ្ធផលការងារទាំង ៥ ជំហាននេះ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករនៅតំបន់នោះ ។
ទោះជាបែបនេះក្តី ការអនុវត្តគម្រោងនេះ មិនទាន់ត្រូវបានបញ្ចប់ទាំងស្រុងនោះទេ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តអនុវត្តគម្រោងក្នុងជំហានទី ៦ ជាបន្តទៀត ដោយមានការងារសំខាន់មួយចំនួនដូចជា ៖
១. សាងសង់ស្ថានីយបូម ចំនួន ០១ កន្លែង ដោយបំពាក់ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន ០៣ គ្រឿង ដើម្បីបូមនៅពេលដែលមានទឹកជោរឡើង ។
២. សាងសង់ទំនប់សណ្តរស្ទឹងកំពង់ត្រាច ដើម្បីឱ្យស្ទឹងនេះ បង្កើនសមត្ថភាពស្តុកទឹកបានកាន់តែច្រើនជាងមុន ។
៣. សាងសង់ទីស្នាក់ការសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ ខ្នង ។
៤. លើកក្រិតកំពស់ទំនប់បង្ហៀរស្ទឺងអន្លុងកី ដើម្បីបង្កើនសមត្ថភាពបញ្ចាល់ទឹក ។
៥. ជីកប្រឡាយមេ និងប្រឡាយរង ជាច្រើនខ្សែ ដើម្បីទាញទឹកឱ្យចូលដល់ស្រែរបស់បងប្អូនប្រជាកសិករ ៕
ដោយ សុខ ខេមរា