ភ្នំពេញ៖ ដោយសារតែក្តីស្រលាញ់ប៉ែន ចំរ៉ុង ងប់ងល់ខ្លាំងបានធ្វើឲ្យអ្នកនាង ភិន សុដាលីស ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តបុរសម្នាក់នេះ បើទោះបីជាទង្វើដែលជាការប្រមាថមើលងាយឪពុកខ្លួនឯង។ មានទង្វើខ្វះទំនួលខុសត្រូវជាច្រើនដែលនាងបានលាតត្រដាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីអំពើដែលនាងចាត់ទុកថាជាមនុស្សមានពុតត្បុតច្រើននិងពូកែសម្តែងទាំងក្នុងនិងក្រៅរឿង។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមវត្តមានអ្នកសារព័ត៌មានជាច្រើនរូប។ បកអាក្រាតស្បែកមុខពិត លោក ប៉ែន ចំរ៉ុង អតីតស្វាមីឥតខាន់ស្លានេះត្រូវបានធ្វើឡើងក្រោយពេលដែលសាលក្រមតុលាការបានឲ្យអ្នកទាំងពីរធ្វើការលែងលះជាស្ថាពរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។ ភិន សុដាលីសលើកឡើងថា មានរឿងជាច្រើនដែលជាទង្វើខ្វះការពិចារណារបស់នាងមកលើក្រុមគ្រួសារព្រោះតែការស្រលាញ់លើប៉ែនចំរ៉ុងយ៉ាងងប់ងល់។ នាងបញ្ជាក់ថា សូម្បីតែវីដេអូឃ្លីបដែលនាងនិយាយរៀបរាប់អំពីការបង្ខិតបង្ខំរបស់ឪពុកនាងទាំងប៉ុន្មានគឺជាការរៀបចំរបស់ ប៉ែន ចំរ៉ុង។ នាងថា ក្រោយការវិចបង្វិចចេញទៅរស់នៅផ្ទះជាមួយប៉ែន ចំរ៉ុង ជិតមួយឆ្នាំ គឺនាងបានចំណាយស្ទើរតែទាំងស្រុងទៅលើការចាយវាយបូករួមទាំងថ្លៃអាហារ ទឹកភ្លើង និងទទួលរ៉ាប់រងច្រើន គឺផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ខណៈដែលពេលនាងរស់នៅក្នុងផ្ទះនោះ គឺមានសមាជិករហូតដល់ទៅ៥នាក់ឯណោះ។ អ្វីដែលនាងសង្កត់ធ្ងន់ជាងនេះ គឺចាប់តាំងពីដឹងថា នាងមានកូនក្នុងផ្ទៃមក ប៉ែន ចំរ៉ុង ចាប់ផ្ដើមមានអត្តចរឹតប្លែកៗ ព្រងើយកន្តើយដាក់រូបនាង រហូតដល់ថ្នាក់ប្ដឹងលែងលះ។ នាងបញ្ជាក់ថាមិនមានហេតុផលអ្វីជាក់លាក់ដែលធ្វើឲ្យអតីតស្វាមីនាងប្តឹងលែងលះ បើទោះបីជាអតីតស្វាមីនាងប្រឹងដើរសម្អុយកេរ្តិ៍ប្រពន្ធគ្រប់បែបយ៉ាងក្តី។ នាងថា ចរិកឆេវឆាយខ្លះរបស់នាងគឺមិនមានអ្វីដែលធំដុំទេ ហើយប៉ែន ចំរ៉ុង ក៏ដឹងថានាងមានចរិកនេះតាំងពីមិនទាន់រួមរស់ជាមួយគ្នា ។ នាងបន្តថា សូម្បីតែការឈ្លោះប្រកែកគ្នាឬទាស់ទែងគ្នាខ្លាំងដែលធ្វើឲ្យនាងរកនឹកមិនឃើញថាប៉ែន ចំរ៉ុង ប្តឹងលែងលះនាងដែរ។ នាងបន្តថា អ្វីដែលនាង ភិន សុដាលីស ហួសចិត្តបំផុតនោះ គឺនៅពេលតុលាការសួរ លោក ប៉ែន ចំរ៉ុង ទាក់ទងនឹងកូនក្នុងផ្ទៃរបស់នាង គឺចម្លើយរបស់ ចំរ៉ុង ធ្វើឲ្យតុលាការស្រងាកចិត្ត ព្រោះលោកមិនច្បាស់សោះថា កូនក្នុងផ្ទៃនេះ ជាកូនរបស់លោក។ ត្រូវចំណុចនេះ ត្រូវបាន ដាលីស គិតថា លោក ប៉ែន ចំរ៉ុង កំពុងតែចោទនាងថា មានសាហាយស្មន់ជាមួយអ្នកផ្សេង ទើបយកលេសលែងលះ។ ក៏ប៉ុន្តែហេតុអ្វីបានជាសុំផ្ដល់អាហារកិច្ចដល់កូន ពេលសាលដីកាចេញជាស្ថាពរ បើគិតថា កូននេះមិនមែនជាកូនរបស់ខ្លូន។ ដាលីសនិយាយថា« កាលពីតុលាការកោះហៅខ្ញុំដំបូង ខ្ញុំបានសម្រេចថា ខ្ញុំមិនលែងគាត់ជាដាច់ខាត ព្រោះខ្ញុំអាណិតកូន ហើយក៏ចិត្តមិនដាច់ពីគាត់ដែរ ប៉ុន្តែក្រោយពីកោះហៅជាលើកទី១ រួចមក ខ្ញុំឃើញទង្វើរបស់គាត់កាន់តែសស់អក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបខ្ញុំសម្រេចថា មិនអាចវិលត្រឡប់វិញបានឡើយ។ ម្យ៉ាងទៀត គាត់ចង់ផ្ដល់អាហារកិច្ចដល់កូន ខ្ញុំថាមិនបាច់ទេ កុំឲ្យជាប់កម្មជាប់ពារ ឡានមួយហ្នឹងយកទៅ ខ្ញុំយកកូន ហើយកុំខ្លាចថា ខ្ញុំគ្មានលទ្ធភាពចិញ្ចឹងកូន»។
ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបានដឹងពីមុខមាត់ពិត ចារិតពិត និងទង្វើគ្រប់បែបយ៉ាងរបស់ ប៉ែន ចំរ៉ុង ។នាងថាអតីតស្វាមីនាងចាប់ផ្តើមអស់តម្លៃជាមនុស្សប្រុសនៅពេលដែលចាប់ផ្តើមរករឿងប្តឹងលែងលះ និងដើរចោលនាងគ្រាដែលនាងមានផ្ទៃពោះនោះ។
ទោះបីជាយ៉ាងណា សន្និសីទដែលបានធ្វើឡើង នៅថ្ងៃនេះ គឺត្រូវបានអ្នកនាង ភិន សុដាលីស បញ្ជាក់ថា ក្នុងគោលបំណងសុំទោសឪពុករបស់នាង ក្រុមគ្រួសារ និងដល់មហាជនទូទៅ ដែលនាងបានសម្រេចចិត្តដើរខុសផ្លូវ នាពេលកន្លងមក ដោយនាងបានដឹងពីកំហុសខ្លួនឯង ហើយក៏សម្រេចចិត្តត្រឡប់មករស់នៅក្នុងផ្ទះវិញជាមួយគ្រួសារ។ ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិនបង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះតែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ។
តារាស្រីរូបនេះបញ្ជាក់ដែរថា មិនត្រឹមតែប៉ែន ចំរ៉ុងទេដែលមានចរិតមិនទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើសូម្បីតែសមាជិកក្រុមគ្រួសារអតីតស្វាមីនាងក៏រួមគ្នាធ្វើទង្វើមិនគប្បីមកលើនាងដែរ។ ជាក់ស្តែងដូចជាបងប្រុសរបស់លោក ប៉ែន ចំរ៉ុងគឺបានបញ្ជាឲ្យនាងចេញវីដេអូឃ្លីបចុងក្រោយមួយដើម្បីបកស្រាយ និងលាងជម្រះអំពើអាក្រក់របស់ប្អូនប្រុសគាត់ដែលគឺគាត់ចង់ឲ្យនាងបញ្ជាក់ប្រាប់មហាជនថា កំហុសគ្រប់យ៉ាងគឺមកពីរូបនាងតែម្នាក់គត់ដែលនាំឲ្យមានការលែងលះគ្នានេះ។ នាងថាក្រោយដាក់ពាក្យលែងលះប៉ែន ចំរ៉ុងបានគំរាមឲ្យនាងចេញវីដេអូឃ្លីបមួយដើម្បីទទួលយកកំហុសដែលនាងមិនធ្លាប់ធ្វើ ដោយប៉ែន ចំរ៉ុងគំរាមថានឹងធ្វើដោយខ្លួនលោកផ្ទាល់ប្រសិនបើដាលីសមិនព្រមធ្វើវា។ នាងថាក្រោយកូននេះបើកភ្នែកមើលពន្លឺថ្ងៃនាងនឹងខិតខំធ្វើជាម្តាយដ៏ល្អសម្រាប់កូនហើយឈ្មោះកូនស្រីនាងនឹងដាក់តាមត្រកូលនាងមិនដាក់តាមត្រកូលប៉ែន ចំរ៉ុងទេ។
ទោះជាយ៉ាងណាគេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាសម្តែង និងពិធីករប៉ែន ចំរ៉ុងបាននៅឡើយទេ។
ជាចុងក្រោយភិន សុដាលីស បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះទង្វើរបស់នាងកន្លងមកចំពោះក្រុមគ្រួសារ ហើយនាងក៏សុំទោសចំពោះក្រុមគ្រួសារ និងទស្សនិកជនដែលនាងបានធ្វើទង្វើមិនល្អកន្លងមក។ ភិន សុដាលីសបញ្ជាក់ចុងក្រោយថា លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់គាត់សម្តែងជាង១០ឆ្នាំហើយគឺមិនពិបាកនឹងសម្តែងនៅខាងក្រៅដែរ ហើយក្រោយពីនាងបញ្ជាក់ខាងលើនេះរួចមានអ្នកយល់ថាប៉ែន ចំរ៉ុង នៅតែជាមនុស្សល្អគឺស្រេចតែតាមការគិតទៅចុះ ៕
ដោយ៖ វឌ្ឍនា