ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅថ្ងៃនេះ បានមានប្រសាសន៍ថា ៖ ស្មារតីការងារជាក្រុម, រួមគ្នាទទួលខុសត្រូវ និងទទួលបានជោគជ័យ! ដើម្បីគ្របដណ្តប់លើការផ្សព្វផ្សាយព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ, ក្រសួងព័ត៌មានបានដឹកនាំនិងសម្របសម្រួលការផ្សាយផ្ទាល់ដោយក្នុងនោះទូរទស្សន៍ជាតិកម្ពុជាជាមណ្ឌលព័ត៌មានធំ និងមានការចូលរួមពីស្ថានីយទូរទស្សន៍ចំនួន ៨ ក្នុងការផ្តិតយករូបភាព និងប្រើប្រាស់ម៉ាស៊ីនថតចំនួន ៦៥ គ្រឿង ដើម្បីធានាថារូបភាពនៃព្រះរាជពិធីនេះត្រូវបានថតនិងផ្សព្វផ្សាយជូនសារធារណជនបានដឹង និងថែរក្សាទុកជាឯកសារសម្រាប់ទៅមុខទៀត។
លោករដ្ឋមន្ត្រីបន្តថា ៖ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ អង្គភាពសារព័ត៌មានផ្សេងទៀតដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា។ យោងតាមរបាយការណ៍មានស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រនិងអនឡាញសរុប ៣១៥ អង្គភាពដែលបានផ្សាយផ្ទាល់និងផ្សាយបន្តផ្ទាល់ពីព្រឹត្តការណ៍នៃព្រះរាជពិអីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព។ កិច្ចការនេះអាចជោគជ័យបានដោយសារតែមានកិច្ចសហការពីស្ថានីយទូរទស្សន៍ឯកជននានា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកនៃស្ថានីយទូរទស្សន៍បាយ័ន, ស្ថានីយទូរទស្សន៍ភីអិនអិន, ស្ថានីយទូរទស្សន៍ស៊ីអិនស៊ីរបស់ក្រុមហ៊ុន CBS, ស្ថានីយទូរទស្សន៍អប្សរា, ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥, ស្ថានីយទូរទស្សន៍ហង្សមាស, ស្ថានីយទូរទស្សន៍ថោន ដែលបានរួមសហការជាមួយទូរទស្សន៍ជាតិគ្រប់គ្រងការផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយបណ្តាក់គ្នាថតយករូបភាពពីមុខវត្តឧណ្ណាលោម រហូតដល់មុខវត្តបទុមក្នុងរយៈផ្លូវជាង ៥ គីឡូម៉ែត្រ ៕
ដោយ៖ សិលា