ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី ១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង ។
នាឱកាសនោះផងដែរលោកស្រីក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ក្រោមជាតិ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធដែលបានដោះស្រាយនូវរាល់បញ្ហា និងសំណូមពររបស់ប្រជាបលរដ្ឋ ដែលសកម្មភាពទាំងអស់នេះបានធ្វើឲ្យពួកគាត់កាន់តែយល់ច្បាស់ពីគោលនយោបាយ និងកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល។ លោកស្រីក៏បានលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺរាល់បញ្ហាដែលកើតឡើងក្នុងមូលដ្ឋានខេត្ត ក្រុង ស្រុក ឬខណ្ឌណា គឺអាជ្ញាធរមូលដ្ឋាននោះធ្វើការដោះស្រាយជាបន្ទាន់មុន ក្នុងករណីដែលដោះស្រាយពុំបានទើបរាយការណ៍ទៅថ្នាក់លើដើម្បីដោះស្រាយបន្ត ។
លោកស្រីក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង (១) ត្រូវមានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន (២) ត្រូវពង្រឹងសាមគ្គីភាពភាពឲ្យបានស្អិតរមួតក្នុងក្រុមការងារ (៣) ត្រូវបន្តជម្រុញឲ្យជោគជ័យកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដោយបន្តការអនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល” (៤) ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ (៥) ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល (៦) ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវិទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម ៕
ដោយ៖ សុវណ្ណារ៉ា