ភ្នំពេញ៖ លោក ថោង ខុន ប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបាននាំយក ថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថវិការបស់សប្បុរស ជនជូនដល់អត្តពលិកនិងគ្រូបង្វឹករបស់ កម្ពុជាដែលត្រូវចេញដំណើរទៅចូលរួម ប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង Rio ប្រទេសប្រេស៊ីលកាលពីរសៀលថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ NOCC សមាជិកប្រតិបត្តិ អូឡាំពិកព្រមទាំងតំណាងសហព័ន្ធកីឡាជាតិទាំងអស់ផងដែរ ។
សម្រាប់រង្វាន់របស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានជូនថវិកាដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកម្នាក់ៗ ចំនួន១ពាន់ដុល្លារស្មើគ្នា។ ថវិការបស់ សប្បុរសជនដែលបានប្រគល់នាពេលនោះគឺថវិកាចំនួន២.៥០០ដុល្លារជូនដល់ កីឡាការិនីស៊ន សៀវម៉ី ។ ចំណែកកីឡាករ កីឡាការិនីដទៃទៀតទទួលបានម្នាក់ៗ ចំនួន១.៥០០ដុល្លារស្មើគ្នា រីឯគ្រូបង្វឹកទទួល បានបានថវិកាចំនួន៧០០ដុល្លារបន្ថែមពីលើថវិការបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះលោក ថោង ខុន បានផ្តាំផ្ញើដល់ប្រតិភូដឹកនាំអត្តពលិកកម្ពុជាទាំងអស់ត្រូវយកចត្តចិត្តទុកដាក់ខ្ពស់ពេលចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង Rio ប្រទេសប្រេស៊ីលធ្វើ យ៉ាងរក្សាឲ្យបាននូវសុខភាពការហូបចុកឲ្យបានគ្រប់គ្រាន់ការហ្វឹកហាត់ត្រៀមការ ស្លៀកពាក់ និងត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុង ព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយនេះ។
គួររំលឹកថា កម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅនៅទីក្រុង Rio ប្រទេសប្រេស៊ីល៦នាក់ក្នុងចំណោម៤ប្រភេទកីឡាក្នុងនោះមានកីឡាតេក្វាន់ដូចម្នាក់កីឡាហែលទឹក២នាក់កីឡា អត្តពលកម្ម២នាក់និងកីឡា ចំបាប់ម្នាក់ ។ ប្រតិភូទាំងអស់នឹងចេញ ដំណើរនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នេះ។ នៅល្ងាចថ្ងៃដដែលនោះដែរ អត្ត ពលិកទាំង៦នាក់ក៏ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយ ផ្សារទំនើបអីុអនម៉ល (AEON Mall) រួម ជាមួយក្រុមហ៊ុនឯកជនមួយចំនួនទៀត បានរៀបចំពិធីស្វាគមន៍និងជូនដំណើរ កីឡាករកីឡាការិនីកម្ពុជាចេញទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង Rio ប្រទេសប្រេស៊ីលផងដែរ ។
លោក ញាណ សុវិសាល នាយបេសក កម្មបានប្រាប់ឲ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងគឺដើម្បីបង្ហាញខ្លួនជាសាធារណៈឲ្យប្រជាពលរដ្ឋបានឃើញក៏ដូចជាស្គាល់មុនពួកគាត់ចេញដំណើរទៅ ប្រកួត ។ ជាងនេះទៅទៀត ក៏ជាលើកទឹក ចិត្តដល់អត្តពលិកយើងពេលពួកគាត់ចេញទៅប្រកួតក្នុងនាមតំណាងឲ្យប្រទេស កម្ពុជា ។ លោកបានបញ្ជាក់ថា ក្នុងឱកាសនេះកីឡាករកីឡាការិនីម្នាក់ៗទទួលបាន ថវិកាជាសាច់ប្រាក់សុទ្ធចំនួន៤០០ដុល្លារ និងថវិកាជាគូប៉ុងសម្រាប់ទិញសម្ភារកីឡានូវថវិកាចំនួន១០០០ដុល្លារក្នុងម្នាក់ៗ ផងដែរ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង Rio ប្រទេសប្រេស៊ីល ត្រូវបើកជាផ្លូវការនៅថ្ងៃទី៥ ខែសីហា និងកម្មវិធីបិទធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ៕
ដោយ៖ សារីម